សមាគមចិញ្ចឹមត្រីនៅកម្ពុជាថ្កោលទោសលោក ខាន់ សុវណ្ណ ពាក់ព័ន្ធនឹងសម្តីដែលថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃនេះ សមាគមវារីវប្បករនៅកម្ពុជា បានសម្តែងប្រតិកម្មចំពោះសម្តីរបស់លោក ខាន់ សុវណ្ណ ដែលជាអ្នកលេងបណ្តាញសង្គម ក្រោយគាត់បាននិយាយថា «ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី» និង «ខ្លាចស្រុកខ្មែរអស់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេទាំងនោះ»។
សមាគមបានបញ្ជាក់ថា ការស្រែកនិយាយដោយកំហឹង អុសរស និងបញ្ចេញចរិតច្រឡោងខាមរបស់លោក ខាន់ សុវណ្ណ នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបាននិងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម ហើយថា តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះចិញ្ចឹមត្រីយូរយារណាស់មកហើយ។
ក្នុងនោះសមាគមក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរិតគួរឲ្យខ្ពើមរអើមបំផុត។
ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា ក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការណ៍ជាមួយសម្តីបែបអគតិ និងចរិតដ៏គួរឲ្យស្អប់ខ្ពើមនេះ ហើយទាមទារឲ្យលោក ខាន់ សុវណ្ណ ចេញមុខមកបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។