ខេត្តកោះកុងផ្ទុះខ្លាំង! ម្សិលមិញរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅ ១៦០នាក់
យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេសរហ័ស (Rapit Test ) រកកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ជាលទ្ធផលឃើញថា មនុស្សប្រមាណជាង១៦០នាក់ ដែលត្រូវបានរកឃើញថាឆ្លងកូវីដថ្មីនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ។
អាជ្ញាធរខេត្ត ក្រុមមន្រ្តីសុខាភិបាលខេត្តកោះកុងអះអាងថា លទ្ធផលដែលនាំអោយខេត្តកោះកុង ផ្ទុះនូវជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំបែបនេះ គឺផ្តើមចេញពីបុរស២នាក់ដែលបម្រើការងារជាបុគ្គលិកនៅកំពង់ផែស្ងួតនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយធ្វើតេស្តរហ័សកាលពីថ្ងៃទី១៣ ខែមិថុនា។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា គិតត្រឹមម៉ោង៥និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ការឆ្លងយ៉ាងរហ័សក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមាយ៉ាងដូច្នេះ ផ្តើមចេញពី បុរសឈ្មោះ ង៉ែត តន ជាបុគ្គលិកបម្រើការងារនៅកំពង់ផែស្ងួតនាងកុកជាប់ពាក់ព័ន្ធនឹងតៃកុងរថយន្តដឹកជញ្ជូនឥវ៉ាន់មកពីប្រទេសថៃ និងអ្នករថយន្តតាក់ស៊ីដែលចរាចរណ៍ឯកសារមកពីរាជធានីភ្នំពេញ និងបុរសឈ្មោះ ម៉ិល ម៉ុត ទៅអាហារដ្ឋាន ចែ ឆយ ហួសវិទ្យាល័យចាំយាម។ ហើយថា រាល់ទីតាំងដែលបុរសទាំងពីរ២នាក់ធ្វើដំណើរទៅជាប់ពាក់ព័ន្ធប្រមាណជា១០ទីតាំង រួមមាន៖ ផែស្ងួតនាងកុក អាហារដ្ឋានស៊ុបពពែ ហាងម៉ាស្សាតោពីរ ផ្ទះលក់កាហ្វេមួយសង្កាត់ស្ទឹងវែង និងកន្លែងវេលុយ សេង ហ័រ ផ្សារភូមិថ្មី ជាដើម គឺត្រូវបានឱ្យផ្អាកអាជីវកម្ម និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមដានអាការៈយ៉ាងលម្អិត ដោយមិនអនុញ្ញាតឱ្យចាកចេញទៅណាមកណាឡើយ ។
សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី២២ ខែឧសភា មកដល់ថ្ងៃទី១៤ ខែមិថុនា ខេត្តកោះកុងមានអ្នកជំងឺកូវីដ១៩សរុបប្រមាណជាង២រយនាក់ហើយ ខណៈជំងឺនេះនៅស្រុកស្រែអំបិលពុំទាន់ធូរស្រាលនៅឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។