ស្រ្តីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ជាអ្នកចាក់វ៉ាក់សាំងទី៣លាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសនៅលើបណ្តាញសង្គមថា នៅល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជាង៣លាននាក់ហើយ។ ក្នុងនោះ គេបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។
ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន អ្នកស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលពីសម្តេចនាយករដ្ឋមន្រ្តី ដែលប្រាក់នោះ លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមគោលដៅដែលសម្តេច ហ៊ុន សែន បានកំណត់ កម្ពុជានឹងត្រូវចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋខ្លួនឲ្យបាន ១០លាននាក់ ហើយគិតមកត្រឹមពេលនេះ គឺកម្ពុជាបានសម្រេចចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៣០ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។