សប្តាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ព្រមជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៥ មិថុនានេះថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ គួបផ្សំនឹងប្រព័ន្ធសម្ពាធទាប។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់វាលទំនាបកណ្តាល មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ហើយទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក៏នឹងកើតមានផងដែរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសនៅភាគឦសានខាងជើង នៃជួរភ្នំដងរែក, ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក៏កើតមានផងដែរ។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះ ក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលកសមុទ្រមធ្យម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។