ក្រុមហ៊ុនថ្មីចំនួន ៣ទៀត បោះទុនជិត ១៥លានដុល្លារ បើកដំណើរការនៅកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ មិថុនា ម្សិលមិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនថ្មីចំនួន ៣បន្ថែមទៀត បានបើកដំណើរការ ក្នុងទុនវិនិយោគជិត ១៥លានដុល្លារ និងបានផ្តល់ការងារជាង ៣ ០០០កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។
២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៨កន្លែង។
៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។