អាជ្ញាធរខេត្តកោះកុង អះអាងថា ផ្ទុះកូវីដទ្រង់ទ្រាយធំ ផ្តើមចេញពីបុរស២នាក់ ជាបុគ្គលិកនៅកំពង់ផែស្ងួតនាងកុក ខណៈមានឆ្លង ១៦១នាក់
ខេត្តកោះកុង៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេសរហ័ស (Rapit Test ) រកកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ជាលទ្ធផលឃើញថា មនុស្សប្រមាណជាង១៦០នាក់ ដែលត្រូវបានរកឃើញថាឆ្លងកូវីដថ្មីនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ។
អាជ្ញាធរខេត្ត ក្រុមមន្ត្រីសុខាភិបាលខេត្តកោះកុងអះអាងថា លទ្ធផលដែលនាំអោយខេត្តកោះកុង ផ្ទុះនូវជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំបែបនេះ គឺផ្តើមចេញពីបុរស២នាក់ដែលបម្រើការងារជាបុគ្គលិកនៅកំពង់ផែស្ងួតនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយធ្វើតេស្តរហ័សកាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា គិតត្រឹមម៉ោង៥និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ការឆ្លងយ៉ាងរហ័សក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមាយ៉ាងដូច្នេះ ផ្តើមចេញពី បុរសឈ្មោះ ង៉ែត តន ជាបុគ្គលិកបម្រើការងារនៅកំពង់ផែស្ងួតនាងកុកជាប់ពាក់ព័ន្ធនឹងតៃកុងរថយន្តដឹកជញ្ជូនឥវ៉ាន់មកពីប្រទេសថៃ និងអ្នករថយន្តតាក់ស៊ីដែលចរាចរណ៍ឯកសារមកពីរាជធានីភ្នំពេញ និងបុរសឈ្មោះ ម៉ិល ម៉ុត ទៅអាហារដ្ឋាន ចែ ឆយ ហួសវិទ្យាល័យចាំយាម។
ហើយថារាល់ទីតាំងដែលបុរសទាំងពីរ២នាក់ធ្វើដំណើរទៅជាប់ពាក់ព័ន្ធប្រមាណជា១០ទីតាំង រួមមាន៖ ផែស្ងួតនាងកុក អាហារដ្ឋានស៊ុបពពែ ហាងម៉ាស្សាតោពីរ ផ្ទះលក់កាហ្វេមួយសង្កាត់ស្ទឹងវែង និងកន្លែងវេលុយ សេង ហ័រ ផ្សារភូមិថ្មី ជាដើម គឺត្រូវបានឱ្យផ្អាកអាជីវកម្ម និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមដានអាការៈយ៉ាងលម្អិត ដោយមិនអនុញ្ញាតឱ្យចាកចេញទៅណាមកណាឡើយ ។
ប្រភពខាងលើបន្តថា អ្នកជំងឺកូវីដ-១៩ ដែលមន្ត្រីជំនាញបានរកឃើញ គឺត្រូវបានដឹកជញ្ជូនតាមរថយន្តសាម៉ុយ ទៅកាន់សាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីធ្វើចត្តាឡីស័ក ចំពោះអ្នកមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធ ។
បច្ចុប្បន្នមានអ្នកកើតជំងឺកូវីដសរុបជាង២០០នាក់ ហើយបើគិតចាប់ពីថ្ងៃទី២២ ខែឧសភា មកដល់ថ្ងៃទី១៤ ខែមិថុនា នេះ ខណៈជំងឺនេះនៅស្រុកស្រែអំបិលពុំទាន់ធូរស្រាលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។