ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ ស្លាប់ដោយសារកូវីដ-១៩ នៅខេត្តកំពត
កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីអ្នកវិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរម្នាក់ទៀត បានស្លាប់មានឈ្មោះ ភាន ចិន្តា អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រះទ្រហឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ត្រីមានផ្ទៃពោះ ៧ខែរូបនេះ បានចូលទៅសម្រាកព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០យប់ ក្នុងសភាពហត់ខ្លាំង។
ដោយស្ថិតក្នុងស្ថានភាពនេះ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ មិនអាចសង្គ្រោះបាន។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១២:០០យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីអាយុ ៣៥ឆ្នាំនេះ បានស្លាប់ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាវ (Acute Respiratory) ក្នុងរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ ចំពោះសពត្រូវបានបញ្ជូនទៅបូជានៅក្នុងស្រុកកំពង់ត្រាច តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសុខាភិបាល ដោយក្រុមគ្រូពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។