អះអាងថាខ្លួនជាសមត្ថកិច្ច ដើរទារលុយពីអ្នកលក់ដូរតាមផ្លូវ ឥឡូវត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ
ជនសង្ស័យម្នាក់ដែលតែងតែដើរទារលុយពីអាជីវករលក់ដូរតាមផ្លូវក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញ។
រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ផ្អែកតាមការចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាកន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ពីប្រជាពលរដ្ឋក្នុងការលក់ដូរតាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថាខ្លួនជាសមត្ថកិច្ចថែមទៀត។
យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។
សូមបញ្ជាក់ដែរថា ជនសង្ស័យក៏ធ្លាប់ត្រូវបានសមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនម្តងដែរកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីជនរូបនេះបានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម តែពេលនោះសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាល។
យ៉ាងណាក៏ដោយបច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។