ម៉ាឡេស៊ី សម្រេចឲ្យប្រើវ៉ាក់សាំងចិន ប្រភេទចាក់តែ១ដូស!
ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃទី១៥ មិថុនា ២០២១នេះ បានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់ «ដោយមានលក្ខខណ្ឌ» នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ប្រភេទចាក់តែមួយដូស» ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ខេនស៊ីណូ (CanSino Biologics) នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ។
នាយករងក្រុមហ៊ុន CanSino បានប្រាប់ទីភ្នាក់ងារព័ត៌មានស៉ីនហួរថា ក្រុមហ៊ុនលោកនឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ម៉ាឡេស៉ី ក្នុងទម្រង់ជាលទ្ធផលសម្រេច ហើយក៏កំពុងធ្វើការជាមួយដៃគូនៅម៉ាឡេស៉ី ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួន នៅទីនោះផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា កាលពីចន្ទសប្តាហ៍នេះ ម៉ាឡេស៊ីបានបង្កើនអត្រាចាក់វ៉ាក់សាំង COVID-19 ដល់ជិត ២០០,០០០ដូសក្នុងមួយថ្ងៃ ខណៈមកទល់ឥឡូវ វ៉ាក់សាំងសរុបប្រមាណ ៤.៦លានដូស ត្រូវបានចាក់ ហើយប្រជាជនម៉ាឡេស៉ី ១.៤លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុបជិត ៣២លាននាក់ បានទទួលការចាក់គ្រប់ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។