​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជួយ​កម្ពុជា ក្នុងការ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ ត្យូ ឡេ​ឆេង (Teo Lay Cheng) បាន​បញ្ជាក់ថា រដ្ឋាភិបាល​សាធារណរដ្ឋ​សិង្ហ​បុរី នៅតែ​គាំទ្រ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍​កម្ពុជា ក្នុងការ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។ សិង្ហ​បុរី​ចង់​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជាមួយ​កម្ពុជា ក្នុងពេល​សមស្រប​ណាមួយ​។​ ​ការលើកឡើង​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ដែល​ទើប​ទទួល​បេសកកម្ម​ថ្មី​រូបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ដាក់ចេញ «​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩» ដើម្បី​ធ្វើជា​ត្រីវិស័យ​ក្នុងការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​កម្ពុជា​ឡើងវិញ ហើយ​កម្ពុជា​ក៏ត្រូវ​ការ​កិច្ចសហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស​ជា​ដៃគូ ក្នុងនោះ​ក៏មាន​ភាគី​សិង្ហ​បុរី​ផងដែរ​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​បានធ្វើឱ្យ​កំណើន​ទេសចរ​ទៅមក​ប្រទេស​ទាំងពីរ​មានការ​កើនឡើង នៅមុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ដោយសារ​ជួប​នូវ​វិបត្តិ​សកល​នេះហើយ កំណើន​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា​ក៏មាន​ការធ្លាក់ចុះ​។​

​លោកជំទាវ ត្យូ ឡេ​ឆេង បានបង្ហាញ​ការគាំទ្រ និង​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិ​នេះ​យ៉ាងខ្លាំង ដោយ​លោកជំទាវ​បាន​បញ្ជាក់ថា «​រដ្ឋាភិបាល​សាធារណរដ្ឋ​សិង្ហ​បុរី ក៏ដូចជា​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា នៅតែ​គាំទ្រ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍ ក្នុងការ​អនុវត្ត​ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ និង​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ជាមួយ​មិត្ត​កម្ពុជា​ផងដែរ​»​។​

​ស្ថានទូត​សិង្ហ​បុរី​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការគិតគូ​របស់​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ទាំងឡាយណា ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​រួចហើយនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close