ចិន កំពុងតែ​ដើរ​ទន្ទឹមនឹង​អាមេរិក ក្នុង​វិស័យ​សំខាន់ៗ ពិសេស​គឺ​ទី​អវកាស​

​ចិន​បាន​បង្កើត​ស្ថានីយ៍​អវកាស​ដោយឡែក​របស់​ខ្លួន​ហើយ​ពេលនេះ​ចិន​ក៏បាន​បញ្ជូន​មនុស្ស​ឡើងទៅ​កាន់​ស្ថានីយ៍​បំពេញការងារ​រយៈពេល​៣​ខែ​។​ ​នៅវេលា​ម៉ោង​៩​និង​២២​នាទី ថ្ងៃទី​១៧ ខែមិថុនា លោក Nie Haisheng លោក Liu Boming និង​លោក​Tang Hongbo បាន​ជិះ​យានអវកាស​ផ្ទុក​មនុស្ស Shenzhou-១២ ដើម្បី​ហោះហើរ​ទៅកាន់​បន្ទប់​ស្នូល TianHe នៃ​ស្ថានីយ​អវកាស​។​

​ស្នាក់នៅ​អវកាស​រយៈពេល​៣​ខែ លោក Nie Haisheng បាន​ទៅកាន់​អវកាស​ចំនួន​៣​ដង យោងតាម​ផែនការ បន្ទាប់ពី​យានអវកាស Shenzhou-១២ បាន​ចូលទៅក្នុង​គន្លង​តារាវិថី ដើម្បី​ត​ភ្ជាប់​ទៅនឹង​បន្ទប់​ស្នូល Tianhe ហើយ​រួមបញ្ចូល​គ្នា​ជាមួយ​បន្ទប់​ស្នូល Tianhe និង​យានអវកាស​ដឹកទំនិញ Tianzhou-2​។ អវកាសយានិក​ចូល​ប្រចាំការ​នៅក្នុង​បន្ទប់​ស្នូល​ដោយ​អនុវត្ត​ការងារ​និង​រស់នៅ​ទីនោះ ។ បន្ទាប់ពី​ស្នាក់​នៅបាន​ប្រហែល​៣​ខែ អវកាសយានិក​ទាំងបី​រូបនេះ​នឹង​ជិះ​យានអវកាស​ត្រឡប់មក​ទីតាំង​ចុះចត Dongfeng វិញ​។​

​សមាសភាព​អវកាសយានិក​លើក​នេះ លោក Nie Haisheng បានទទួល​តំណែង​ជា​មេបញ្ជាការ​។ ក្នុងនាម​ជា​អវកាសយានិក ដែលមាន​បទពិសោធន៍​ខ្ពស់ លោក​ធ្លាប់បាន​ចូលរួម​ក្នុង​បេសកកម្ម​របស់​យានអវកាស Shenzhou-៦ និង​យានអវកាស​ផ្ទុក​មនុស្ស Shenzhou-10​។ នេះ​ជា​លើក​ទី ៣ ដែល​លោក​ទៅកាន់​អវកាស​។​

​នៅក្នុង​ការហោះហើរ​លើក​នេះ អវកាសយានិក​ម្នាក់ៗ​បាន​ហ្វឹកហាត់​ជាង ៦,០០០​ម៉ោង​។ អវកាសយានិក​ទាំង​៣ រូប​នឹង​បំពេញភារកិច្ច​សំខាន់ៗ​ចំនួន​៤ ក្នុងអំឡុងពេល​ស្ថិតនៅលើ​តារាវិថី​រួមមាន​៖ ទី​១ អនុវត្ត​ការគ្រប់គ្រង​ប្រចាំថ្ងៃ​នៃ​បន្ទប់​ស្នូល​។ ទី​២ អនុវត្ត​សកម្មភាព​នៅ​ខាងក្រៅ​បន្ទប់​ស្នូល​។ ទី​៣ ធ្វើ​ពិសោធន៍​ខាង​វិទ្យាសាស្ត្រ​អវកាស​និង​បច្ចេកវិទ្យា​។ ទី​៤ អនុវត្ត​ការគ្រប់គ្រង​សុខភាព​របស់​អវកាសយានិក​ដោយ​ខ្លួនឯង ។​

​គេង​ដោយ​សេរី មាន​ប្រព័ន្ធ​WiFi និង «​បន្ទប់​ងូតទឹក​»… ដើម្បី​លើកកម្ពស់ «​ផាសុកភាព​» របស់​អវកាសយានិក នៅពេល​សាងសង់​ស្ថានីយ​អវកាស អ្នក​រចនា​បាន​គិតគូរ​ពី​បរិយាកាស​រស់នៅ​ដ៏​សមរម្យ​សម្រាប់​អវកាសយានិក​ដោយ​បន្ទប់​មាន​ទំហំ ១១០​ម៉ែត្រគូប​។ ទន្ទឹមនឹងនេះ ស្ថានីយ​អវកាស​ចិន​បាន​ចែកជា​មណ្ឌល​រស់នៅ​និង​មណ្ឌល​ធ្វើការ​។ តំបន់​រស់នៅ​មាន​កន្លែង​ដេក បន្ទប់​អនាម័យ​និង​កន្លែង​ហាត់ប្រាណ​ដាច់ដោយឡែក​ពីគ្នា ក៏ដូចជា​ផ្ទះបាយ​និង​កន្លែង​ទទួលទាន​អាហារ​ផងដែរ​។ លើសពីនេះ អវកាសយានិក​ក៏​អាច​ទទួលបាន​នូវ «​សេរីភាព​ក្នុងការ​គេង​» ផងដែរ​។ ទោះបីជា​ពួកគេ​នៅតែ​ត្រូវ «​គេង​នៅក្នុង​ថង់​ដេក​» ក៏ដោយ ប៉ុន្តែ​ពួកគេ​អាច​ទម្រេត​ខ្លួន​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close