ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងស្រុកវ៉ារិន
ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា ពេលនេះខ្លួនកំពុងរៀបចំផែនទីបង្ហាញអំពីទីកន្លែងសំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្ត សៀមរាប ដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានថ្លែងថា សហគមន៍ព្រៃឈើចង្ក្រានរយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ ៩ ១០៤ ហិកតា ដែលធ្វើសកម្មភាព ក្នុងការ អភិរក្ស ព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះ ជាបន្តបន្ទាប់ មិនដែលដាច់។ ដូច្នេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅ សហគមន៍ តែម្តង។
លោកថា ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើន ហើយប្រជាពល រដ្ឋនៅ តំបន់នេះ មានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាបបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើងនូវជីវភាព សហ គមន៍តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធាន ធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើ ចង្ក្រានរយ។
នៅអនុស្សរណៈនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មី នៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំ និងស្រាវជ្រាវទេសចរណ៍ផ្សង ព្រេង ទេសចរណ៍បែបការជួបជុំជាក្រុមជាគ្រួសារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។