ថៃ មិនមែនជាកន្លែងស្តុកសំរាមប្លាស្ទិកអន្តរជាតិ
ប្រទេសថៃនឹងហាមការនាំចូលសំណល់អេតចាយប្លាស្ទិក រយៈពេល៥ឆ្នាំ ហើយនាយកដ្ឋានគ្រប់គ្រងការបំពុលបរិស្ថាន (PCD) ថែមទាំងបានបដិសេធចំពោះសេចក្តីរាយការណ៍ថា ថៃគឺជាកន្លែងស្តុកសំរាមប្លាស្ទិកអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់ The Nation នាថ្ងៃទី១៧ មិថុនា ២០២១នេះ។
ផ្អែកតាមប្រភពដដែល PCD បានអះអាង កាលពីម្សិលមិញថា រដ្ឋាភិបាលគ្មានគោលនយោបាយនាំចូលសំរាមប្លាស្ទិកទេ។ តែបានឲ្យដឹងថា ក្រសួងបរិស្ថាននិងធនធានធម្មជាតិបានអនុញ្ញាតឲ្យនាំចូលសំណល់ប្លាស្ទីកដើម្បីផ្គត់ផ្គង់ដល់ផ្នែកឧស្សាហកម្ម ដោយក្នុងនោះ ឆ្នាំមុន នាំចូលជាង១៥ម៉ឺនតោន ខណៈពីខែមករាដល់ខែមេសា ឆ្នាំ២០២១នេះ នាំចូលជាង៤ម៉ឺន៤ពាន់តោន។
ប្រភពបន្តថា ការនាំចូលនេះបាននិងកំពុងបន្តកាត់បន្ថយដល់កម្រិតសូន្យ ខណៈដែលរដ្ឋាភិបាលកំពុងជំរុញសកម្មភាពកែច្នៃសំរាមឡើងវិញ ក្នុងប្រទេសដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២០ ថៃក៏បានហាមការនាំចូលសំណល់អេឡិចត្រូនិកដែរ ដោយមានទាំងការពិន័យនិងដាក់ពន្ធនាគារចំពោះអ្នកដែលបំពានបំរាមនេះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។