ភូមិអន្លង់ពីរ ក្នុង​ស្រុកប្រាសាទបាគង ត្រូវ​កំណត់ជា​ «តំបន់លឿង» បន្ទាប់ពីមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប​កាលពីល្ងាចថ្ងៃទី១៨ មិថុនា ម្សិលមិញ បាន​កំណត់ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ជា​តំបន់​លឿង ក្រោយ​ពី​បានរកឃើញមាន​ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិ​នេះចំនួន៨ករណី ក្នុងនោះម្នាក់បានស្លាប់។

បើតាម​សេចក្តីប្រកាស​របស់រដ្ឋបាលខេត្តថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ(ទំនិញភាគច្រើនជាស៊ីម៉ង់)។ ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាក-ដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។

ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ តំបន់លឿង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចែងអំពីកាតព្វកិច្ច និងករណីលើកលែង ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលនឹងចេញផ្សាយនាពេលបន្តបន្ទាប់ទៀត។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្តសៀមរាប ក៏​បានអំពាវនាវដល់អ្នក​ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬបានចេញ-ចូលទីតាំងខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close