អាជ្ញាធរ​ខេត្តសៀមរាប​ប្រកាសថា ត្រឹម​ឆ្នាំ​២០១៩​ខាងមុខ ទីប្រជុំជន​ក្រុង​សៀមរាប នឹង​គ្មាន​ខ្សែកាប ខ្សែភ្លើង​នៅលើ​អាកាស​បន្តទៀត​ទេ​

ក្នុង​គោលបំណង​ធ្វើឱ្យ​សោភណភាព​ក្រុង​ស្អាត និង​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ផ្សេងៗ អាជ្ញាធរ​ខេត្តសៀមរាប បានចាប់ផ្តើម​ចុះ​កាត់​ខ្សែកាប ខ្សែ​អ៊ី​ន​ធឺ​ណែ​ត ដែល​បំពាក់​នៅលើ​បង្គោល​ភ្លើង​លើ​អាកាស​ចោល ដោយ​ឲ្យ​មក​ប្រើ​ប្រព័ន្ធ​ខ្សែ​អ៊ុ​ប​ទិច​នៅក្រោម​ដី​វិញ​។ ហើយ​បើតាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត គឺ​នៅត្រឹម​ឆ្នាំ​២០១៩​ខាងមុខ នៅក្នុង​ទីប្រជុំជន​ក្រុង​សៀមរាប​នឹង​គ្មាន​ខ្សែកាប ខ្សែ​អ៊ី​ន​ធឺ​ណែ​ត និង​ខ្សែភ្លើង​នៅលើ​អាកាស​បន្ត​ទៀតឡើយ​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បាន​ថ្លែងថា ការរៀបចំ​ឲ្យ​ខ្សែភ្លើង ខ្សែកាប ខ្សែ​អ៊ី​ន​ធឺ​ណេ​ត មក​នៅក្នុង​វិញ​នេះ គឺ​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សោភណភាព​ក្រុង ក៏ដូចជា​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ផ្សេងៗ​។ ទន្ទឹមនេះ ក្រៅពី​កាត់​ខ្សែកាប ខ្សែ​អ៊ី​ន​ធឺ​ណែ​ត​នេះ អាជ្ញាធរខេត្ត ក៏បាន​និង​កំពុងតែ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់ រៀបចំ​សួនច្បារ និង​ស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុង​ឱ្យបាន​ស្អាត ដើម្បី​ប្រែក្លាយ​ក្រុង​សៀមរាប​ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ​។​

សម្រាប់​ការចុះ​កាត់​ខ្សែភ្លើង ខ្សែកាប នេះ បើតាម​លោក ប្រាកដ ថា មុននឹង​អាជ្ញាធរខេត្ត​មាន​វិធានការ​កាត់​ខ្សែកាប ខ្សែ​អ៊ី​ន​ធឺ​ណែ​ត ដែល​បំពាក់​នៅលើ​បង្គោល​ភ្លើង​លើ​អាកាស​ទម្លាក់ចោល​នេះ គឺ​អាជ្ញាធរខេត្ត​បាន​ជូនដំណឹង និង​ជួបប្រជុំ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​ដង​ហើយ ដោយ​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ និង​កាត់​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​ក្រុមហ៊ុន​មួយចំនួន​បាន​រុះរើ​ខ្លួនឯង​ហើយ និង​មាន​មួយចំនួនទៀត​មិនបាន​ធ្វើ ដូច្នេះ​នៅថ្ងៃនេះ អាជ្ញាធរ​សម្រេច​ចុះ​កាត់ចោល​ព្រោះ​បាន​ទុក​ពេលវេលា​ឱ្យ​យូរហើយ​។​

​លោក​អភិបាលរង​ខេត្ដ​បាន​បន្តថា សម្រាប់​វិធានការ​ថ្ងៃ​ដំបូង​នេះ គឺ​កាត់​នៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ហើយ​នៅពេល​ធ្វើ​នៅ​ផ្លូវ​នេះ​រួចរាល់ និង​បន្ត​ទៅតាម​បណ្តា​ផ្លូវ​ផ្សេងៗ​ទៀត គឺ​ធ្វើយ៉ាងណា​ឱ្យនៅ​ត្រឹម​ឆ្នាំ​២០១៩​នៅក្នុង​ទីប្រជុំជន​ក្រុង​សៀមរាប​និង​គ្មាន​ខ្សែកាប ខ្សែ​អ៊ី​ន ធឺ​ណែ​ត និង​ខ្សែភ្លើង​នៅលើ​អាកាស​បន្ត​ទៀតឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close