ឯកឧត្តម វេ​ង សាខុន​៖ ផលិតកម្ម​ចិញ្ចឹមសត្វ កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ផលិតកម្ម​ចិញ្ចឹមសត្វ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ តាមរយ​:​ការផ្តល់​ចំណូល​ឲ្យ​គ្រួសារ (​លក់​សត្វ​រស់ លក់​ពូជ លក់​ស៊ុត និង​លាមក​) និង​បង្កើត​ការងារ​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​។ មិនតែប៉ុណ្ណោះ វិស័យ​ផលិតកម្ម​ចិញ្ចឹមសត្វ​បាន​ចូលរួម​ប្រើប្រាស់ វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​មាន​៖ ស្រូវ ពោត ដំឡូង​មី សណ្តែកសៀង កន្ទក់ ចុងអង្ករ ម្សៅ​ត្រី និង​កាក​ស្រា​បៀ​។​ល​។ ហើយ​កត្តា​ទាំងអស់នេះ វា​បាន​បំពេញ​តួនាទី​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ផលិតកម្ម​ចិញ្ចឹមសត្វ និង​ផលិតកម្ម​ដំណាំ​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ (១៨/៦/២០២១) បាន​ឲ្យ​ដឹងថា នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ ផលិតកម្ម​ចិញ្ចឹម​គោ ក្របី​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ របត់​ដ៏​សំខាន់​នៃ​ផលិត​កម្មនេះ គឺ​ដោយសារ​ការរីកចម្រើន​ផ្នែក​វិស័យ​គ្រឿងយន្ត​កសិកម្ម ដែល​បាន​ចូលមក​បំពេញ​តួនាទី​ជា​កំលាំង​អូសទាញ ជំនួស​ឲ្យ​សត្វពាហន​:​វិញ​។ ដោយហេតុ​នេះហើយ ផលិតកម្ម​ចិញ្ចឹម​គោ​-​ក្របី​សម្រាប់​ជា​កំលាំង​អូសទាញ​ត្រូវបាន​បង្វែរ​កម្មវត្ថុ​ទៅជា​ការចិញ្ចឹម​សម្រាប់​យក​ពូជ និង​យកសា​ច់លក់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​វិញ​។

​ឯកឧត្តម បាន​បញ្ជាក់ថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ផលិតកម្ម​ចិញ្ចឹមសត្វ មួយ​ក្នុងចំណោម​កត្តា​សំខាន់ៗ​ដែល​អ្នក​ចិញ្ចឹម​តោង​គិតគូ​ពិចារណា​គឺ វិធានការ​ការពារ​ជំងឺឆ្លង​សត្វ​។ បើ​និយាយ​ដល់​វិធានការ​ការពារ រឿង​សំខាន់​ដំបូង​គេ​ដែល​ម្ចាស់​កសិដ្ឋាន ឬ​អ្នក​ចិញ្ចឹមសត្វ​ត្រូវតែ​អនុវត្ត​គឺ​ការចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​។ នៅ​កម្ពុជា គេ​ជួបប្រទះ​ជំងឺឆ្លង​ជាច្រើន​ទាំង​ចំពោះ​សត្វចតុបាទ (​គោ ក្របី ចៀម ពពែ និង​ជ្រូក​) និង​សត្វ​បក្សី (​មាន់ និង​ទា​)​។

​ឯកឧត្តម បានបន្ថែមថា ​ចំពោះ​ផលិតកម្ម​ចិញ្ចឹម​គោ​-​ក្របី យើង​តែង​ជួបប្រទះ​ជំងឺឆ្លង​សំខាន់​ពីរ​គឺ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម ដែល​បាន​បំផ្លាញ​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។ យល់ច្បាស់​ពី​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រិះរក​គ្រប់​ម​ធ្យោ​យ និង​ដាក់ចេញ វិធានការ​សំខាន់ៗ​ដើម្បី​ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺ​តាមរយ​:​ការចាក់​ថ្នាំ​ការពារ ការព្យាបាល​សត្វ​ឈឺ​តាម​លទ្ធភាព វិធានការ​ច​ត្តា​ឡី​ស័ក និង​វិធានការ​ជីវ​សុវត្ថិភាព​។​

​ការអន្តរាគមន៍​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​គឺជា​ភារកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ប៉ុន្តែ​ដោយសារ​ថវិកា​មានកំណត់ នៅ​ឆ្នាំ​២០២០ អគ្គនាយដ្ឋាន សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត បាន​ចុះ​ធ្វើ​អន្តរាគមន៍​ចាក់​ថ្នាំ​ការពារ​ជំងឺសារ​ទឹកបាន​ត្រឹម ៣០% និង​ជំងឺ​អុតក្តាម​បាន ២% ក្នុង​ចំនួន​សត្វ​គោ ក្របី​សរុប​ទូទាំងប្រទេស​ជាង ៣​លាន​ក្បាល​។

​យោងទៅលើ​ភាពចាំបាច់ និង​ជាពិសេស​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រោម​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកសំណើ​ទៅ​រដ្ឋាភិបាល​ចិន តាមរយ​: ឯកឧត្តម Tang Renjian រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន សុំ​ថ្នាំ​ការពារ​ជំងឺសារ​ទឹក និង​ជំងឺ​អុតក្តាម​។ ឆ្លើយតប​តាម​សំណើ​របស់​ភាគី​កម្ពុជា ភាគី​ចិន​បាន​ឯកភាព​ផ្តល់ជូន​វ៉ាក់សាំង​សារ​ទឹក​ចំនួន ១០​ម៉ឺន​កម្រិត ជា​លើក​ទី​១ និង​វ៉ាក់សាំង​ជំងឺ​អុតក្តាម​ចំនួន ១០​ម៉ឺន​កម្រិត​ជា​លើក​ទី​២​។ សំខាន់​ជាង​នេះ ភាគី​ចិន​បាន​គាំទ្រ​លើ​សំណើ​របស់​កម្ពុជា​ដែលមាន​ឆន្ទ​:​ចង់​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ក្រោម​ជំនួយ​ឧបត្ថម្ភ​ប​ច្ចេ​ទេស​ពី​ភាគី​ចិន​។

​ករណីនេះ​ភាគី​ចិន​នឹង​ចុះមក​សិក្សា​ផ្ទាល់​ក្រោយ​ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ ។ ថ្នាំ​ការពារ​ដែលជា​ជំនួយ​របស់​ភាគី​ចិន ត្រូវបាន​បែងចែក និង​បាននិងកំពុង​ចុះ​អន្តរាគមន៍​ចាក់​ឲ្យ​គោ​-​ក្របី​ជូន​បងប្អូន​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត​ដែលមាន​ផ្ទុះ​ជំងឺ​ច្រើនជាងគេ​ទាំង ១២ ខេត្ត ក្នុងនោះ​មាន​ខេត្ត​៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយ មានជ័យ បាត់ដំបង រត​នះ​គី​រី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close