ហ្វីលីពីន នឹងដាក់​គុក​អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

​ហ្វីលីពីន​៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គា ឌូ​ទើ​តេ បាន​ព្រមាន​ថា នឹងដាក់​គុក​អ្នក​ដែល​បដិសេដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ខណៈដែល​ប្រទេស​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី ។​

​លោក ឌូ​ទើ​តេ បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ជ្រើសរើស​ទៅ​… រវាង​វ៉ាក់សាំង ឬ​អោយ​ខ្ញុំ​ដាក់គុក ។ លោក​បាន​និយាយ​បែបនេះ ក្រោយ​មាន​របាយការណ៍​អំពី​ចំនួន​អ្នក​ចេញទៅ​ចាក់​វ៉ាក់សាំង​ទាប ក្នុង​រដ្ឋធានី​ម៉ានីល ។ លោក​បន្ថែមថា កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ខុស​ឲ្យ​សោះ​… មាន​វិបត្តិ​នៅក្នុង​ប្រទេស​នេះ​… ខ្ញុំ​គ្រាន់តែ​ខឹង​ជនជាតិ​ហ្វីលីពីន​ដែល​មិន​យកចិត្តទុកដាក់​លើ​រដ្ឋា​ភិ​បាល ប៉ុណ្ណោះ ។ ការលើកឡើង​របស់លោក ឌូ​ទើ​តេ គឺ​ផ្ទុយ​ពី​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ហ្វីលីពីន ដែលថា ទោះ​ប្រជាជន​ត្រូវបាន​គេ​ជំរុញ​ឲ្យ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ តែ​វា​ជាការ​ស្ម័គ្រចិត្ត ។​

​គិត​ត្រឹម​ថ្ងៃទី​២០ ខែមិថុនា​នេះ ហ្វីលីពីន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ដល់​ប្រជាជន​ចំនួន​២.១​លាន​នាក់ ដែល​នេះ​បង្ហាញ​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ខណៈ​រដ្ឋាភិបាល​មាន​គោលដៅ​ចាក់​ដល់​ប្រជាជន​រហូតដល់​ទៅ​៧០​លាន​នាក់ ក្នុងចំណោម​ប្រជាជន​១១០​លាន​នាក់​របស់ខ្លួន​នៅ​ឆ្នាំ​២០២១​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close