ស្ថាបនិកសមាគមសពគ្រីស្ទាន សុំឲ្យ​អាជ្ញាធរជួយទប់ស្កាត់ការធ្វើលិខិតទិញលក់ដីផ្នូរខ្មោច

លោក ប្រាក់ វុទ្ធី ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាលប្រចាំខេត្តសៀមរាប នៅថ្ងៃនេះ បានធ្វើសន្និសីទកាសែត ដោយ​ស្នើ​សុំ​ដល់​អាជ្ញាធរ​ជួយ​ធ្វើការ​ទប់ស្កាត់​ការ​ធ្វើ​លិខិត​ទិញ​លក់ដីកប់ខ្មោចរបស់គ្រីស្ទាន មានទីតាំងស្ថិត​នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយ​ពីមានការឃុបឃិត​គ្នាជាមួយ​ឈ្មួញ​យកដីនោះមកពុះឡូតិ៍លក់។

លោក វុទ្ធី បានថ្លែងថា ដីផ្នូរនោះ មានទំហុំ ៥០ គុណនឹង១០០ម៉ែត្រ ត្រូវបានគេឃុបឃិតគ្នាលក់ទិញ ក្នុងតម្លៃជាង១០ម៉ឺនដុល្លារ។

លោកថា ដីនេះកាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីស កម្ពុជា បានប្រគល់ឲ្យ​សមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ហើយបន្តគ្រប់គ្រងមកទល់បច្ចុប្បន្ន ។ តែថ្មីៗនេះមានបុគ្គលមួយក្រុមតូចឃុបឃិតគ្នាទិញលក់ដីនេះពុះជាដីឡូត៍ ហើយពេលនេះ លោក​ក៏​កំពុង​រៀបចំដាក់ពាក្យបណ្តឹងហើយដែរ។

លោក ប្រាក់ វុទ្ធី បញ្ជាក់ថា ពេលនេះលោកកំពុងដំណើរការបណ្តឹងទៅថ្នាក់ក្រុងនិងខេត្ត ដើម្បីរំលាយការទិញលក់ហើយរក្សាដីនេះឲ្យ​សមាគមគ្រប់គ្រងកប់សពគ្រីស្ទានវិញ, តែក្នុងពេលកំពុងដំណើរការ បណ្តឹង ក្រុមជនឃុបឃិតបន្តឈូសឆាយនិងបោះបង្គោល ហេតុដូច្នេះហើយទើបរូបលោកទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់សកម្មភាពនេះ។

ចំពោះករណីនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះ ទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញថា ដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប ដូច្នេះសាលាក្រុងមិនអនុញាតិច្បាប់ចំពោះ​ដី​នោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close