ការផ្ទុះអាវុធ កើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសមីយ៉ាន់ម៉ា
ចាប់តាំងពី ក្រុមតំណាងរាស្ត្រប្រកាសបង្កើតរដ្ឋាភិបាលស្រមោល និងកម្លាំងទាហានប្រជាជន ដោយមានការចួលរួមពីក្រុមប្រដាប់អាវុធជនជាតិភាគតិច ការវាយប្រហារគ្នាកើតឡើងជាបន្តបន្ទាប។ នៅថ្ងៃទី ២២ខែមិថុនានេះ ក្រុមប្រដាប់អាវុធប្រឆាំងយោធាមីយ៉ាន់ម៉ា «៨នាក់ស្លាប់ និង៨នាក់ត្រូវចាប់ខ្លួន» ក្រោយការប្រយុទ្ធគ្នានៅ Mandalay ។
សារព័ត៌មានស៊ីនហួរ បានផ្សាយថា របបយោធាមីយ៉ាន់ម៉ា បានចេញផ្សាយថា ក្រុមប្រដាប់អាវុធ ០៨នាក់ត្រូវបានចាប់ខ្លួន និង ០៨នាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុង ម៉ាន់ដាឡាយ (Mandalay) ប្រទេសមីយ៉ាន់ម៉ានៅក្នុងថ្ងៃអង្គារនេះតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្រាប់មីន គ្រាប់បែក និងអាវុធធុនតូច ត្រូវបានរឹបអូសពីក្រុមប្រដាប់អាវុធទាំងនោះ។ ការប៉ះទង្គិចគ្នាលើកនេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានវាយឆ្មក់ចូលទៅក្នុងលំនៅឋានមួយកន្លែង ដែលស្ថិតនៅសង្កាត់ ចាន់មីយ៉ាថាហ្ស៊ី (Chanmyathazi) នៃទីក្រុងម៉ាន់ដាឡាយ នៅព្រឹកថ្ងៃអង្គារនេះ។
កំលុងប្រតិបត្តិការនោះ ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើង ដោយក្រុមប្រដាប់អាវុធ ០៤នាក់បានស្លាប់ ខណៈកងកម្លាំងសន្តិសុខមួយចំនួន ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រដាប់អាវុធមួយចំនួនទៀត នៅក្នុងរថយន្តមួយគ្រឿង បានបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខ និងបានជិះរត់គេចខ្លួនបាត់ នៅក្នុងសង្កាត់តែមួយដដែល។ បន្ទាប់មក ជនប្រដាប់អាវុធ ០៤នាក់នោះ ក៏ត្រូវបានប្រទះឃើញស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេបានបើកទៅបុកនឹង ម៉ាស៊ីនបំបែកចរន្តអគ្គិសនីមួយគ្រឿង។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នាខាងលើនេះ ក្រុមប្រដាប់អាវុធប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានប្រកាសខ្លួនឯងថាជា «កងកម្លាំងការពារប្រជាជនថ្មី នៅទីក្រុងម៉ាន់ដាឡាយ»។ ពួកគេថែមទាំងបានអះអាងទៀតថា ការប្រយុទ្ធគ្នាបានចាប់ផ្តើមហើយ ដោយវានឹងមានបន្តបន្ទាប់ទៀត ពោលគឺពួកគេបានប្តេជ្ញាថា នឹងតតាំងជាមួយយោធាមីយ៉ាន់ម៉ា នៅទីក្រុងម៉ាន់ដាឡាយ ដែលស្ថិតនៅចំកណ្តាលប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។