ថៃ​៖ ទោះ​នៅមាន​អ្នក​ឆ្លង​ជាង​៤​ពាន់​នាក់ ក្នុង​មួយថ្ងៃ តែ​រដ្ឋាភិបាល​នឹង​បើកទ្វារ​សេដ្ឋ រស់នៅ​យូ​អង្វែង​ជាមួយ​កូ​វីដ​១៩

​រដ្ឋាភិបាល​ថៃ នឹងធ្វើ​ការសាកល្បង​បើកទ្វារ​សេដ្ឋកិច្ច ទេសចរណ៍ នៅ​បន់​មួយចំនួន ក្នុងនោះ​មាន​ភូ​កេ​ត សម្រាប់អ្នកទេសចរ​ណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ COVID-19 របស់​ប្រទេស​ថៃ (CCSA) នៅ​ថ្ងៃ​អង្គារ ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ៤,០៥៩​ករណី​បន្ថែមទៀត នៅក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ដោយ​មានតែ ២១​ករណី​ប៉ុណ្ណោះ ជា​ករណី​នាំចូល​។​

​មជ្ឈមណ្ឌល CCSA បាន​គូសបញ្ជាក់​ប្រាប់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ​មាន ៣,៩៦៣​ករណី ត្រូវបាន​រកឃើញ​នៅលើ​ប្រជាជន​ទូទៅ ខណៈ ៧៥​ករណី​ទៀត ត្រូវបាន​រកឃើញ​នៅលើ​អ្នកទោស​តាម​ពន្ធនាគារ​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ អ្នកជំងឺ​ចំនួន ៣៥​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ នៅក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ហើយ​អ្នកជំងឺ​ចំនួន ២,០៤៧​នាក់​ផ្សេងទៀត ទើបតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។ សរុប​នៅ​ទូទាំងប្រទេស ២២៥,៣៦៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១,៦៩៣​នាក់ និង​អ្នកជា​សះស្បើយ ១៨៧,៨៣៦​នាក់​។​

​កន្លងមក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ទទួលស្គាល់ថា នឹងមាន​ឧបសគ្គ​ជាច្រើន​ពី​ការសម្រេច​បើកទ្វារ​ប្រទេសជាតិ ក្នុងពេល​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅតែ​កើនឡើង​ខ្ពស់​បើទោះបី​មាន​វិមាន​ការតឹងតែង​ទប់ស្កាត់​កូ​វីដ​-១៩​ក្តី​។​

​រដ្ឋាភិបាល​ថៃ បានប្រកាស​ពី​គម្រោង​រៀន​រស់​ជាមួយ​កូ​វីដ​-១៩ ក្នុង​រយៈពេល​យូរអង្វែង​។ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា លោក​នឹង​បើកទ្វារ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​១២០​ថ្ងៃ គឺ​នៅក្នុង​ខែតុលា​ខាងមុខ ។ វិធានការ​រឹតត្បិត​ទៅលើ​វិស័យ​អាជីវកម្ម និង​ទេសចរណ៍​ត្រូវបាន​លុបចោល​វិញ​។ អ្នកទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​អាច​នឹងធ្វើ​ដំណើរ​កម្សាន្ត​បាន​ដោយ​សេរី​នៅក្នុង​ប្រទេស​ថៃ​។​

មេដឹកនាំ​ថៃ​បាន​លើកឡើងថា នឹងមាន​ការប្រឈមមុខ​ជាច្រើន​ដែល​បើកទ្វារ​សេដ្ឋកិច្ច​ឲ្យ​ពលរដ្ឋ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ ក្នុង​រយៈពេល​យូរអង្វែង​។ យើង​មិនអាច​រង់ចាំ​រហូតដល់​ពលរដ្ឋ​គ្រប់រូប​ចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូ​ស​ទើប​អាច​បើកទ្វារ​សេដ្ឋកិច្ចជាតិ​បាន​នោះទេ ។​

នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា ដល់​ពេលដែល​ត្រូវ​ទទួលយក​ការប្រឈមមុខ​នឹង​ឧបសគ្គ ដើម្បី​រស់នៅ​ជាមួយ​កូ​វីដ -១៩ ។ នៅ​ចំពោះមុខ រដ្ឋាភិបាល​ថៃ​នឹង​សាកល្បង​បើកទ្វារ​វិស័យ​ទេសចរណ៍​នៅ​ភូ​កេ​ត​ចាប់ពី​ថ្ងៃទី​១​ខែកក្កដា ដើម្បី​ស្វាគមន៍​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ។ ប៉ុន្តែ​អ្នកទេសចរ​គឺ​ត្រូវតែ​នៅ​ភូ​កេ​ត​រយៈពេល​១៤​ថ្ងៃ ទើប​អាច​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ផ្សេងៗ​ក្នុងប្រទេស​ថៃ​បាន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close