រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន និងឯកឧត្តម ស្បោងសារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណៈភាព នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយរោគគារពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួមរំលែកទុក្ខ ជាមួយ គ្រួសារសព ដែលបានបាត់បង់ឯកឧត្តម ដែលត្រូវជាប្តី ជាបិតា ជា តា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៍ សណ្ដោះ ប្រណីចំពោះកូនចៅគ្រប់រូប និងជាបិតាក្មេក ជាជីតាជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ។ ដែលជានិច្ចកាល ឯកឧត្តម តែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការ ខិតខំប្រឹងប្រែងធ្វើការងារ ផ្នែកវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងពេលកន្លងមក បានយ៉ាងល្អប្រពៃដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នានានៅក្នុងខេត្តជូនបងប្អូនប្រជាពលរដ្ឋយល់ដឹងជ្រាបកាន់តែច្បាស់អំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងខេត្តព្រៃវែងហើយក៏ជា បីតា ជាតា ក្នុងការបាច់ថែរក្សាកូនប្រុស កូនស្រី តែងតែជំរុញឲ្យកូនចៅបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់គ្រប់ៗគ្នា។

ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មានសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព។ ឯកឧត្ដម រដ្ឋមន្ត្រី ក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម អៀង ជេដ្ឋ ជាទីគោរពស្រលាញ់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close