ខេត្តសៀមរាបថ្ងៃនេះមានស្ត្រីអាយុ៦២ឆ្នាំម្នាក់ស្លាប់ដោយសារមេរោគកូវីដ១៩ ស៊ីអស់សួតទាំងសងខាង ត្រឹមរយះពេល១អាទិត្យ

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីមីងម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយះពេលមិនដល់ ១អាទិត្យនៃការឆ្លង។

ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ មានស្ថានភាពគួរឲ្យកត់សម្គាល់ ដោយ​មានអ្នកឆ្លង និងអ្នកស្លាប់កាន់តែកើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប ហើយ​អ្នកស្លាប់ភាគច្រើនជាជនចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម ..ល.. ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រល័យជីវិតកាន់តែឆាប់រហ័ស។

ការរាលដាលនេះ គឺដោយសារការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។

ជាមួយគ្នានេះ លោកអភិបាលខេត្តសៀមរាប ក៏​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

គួរ​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានករណីឆ្លងកូវីដ១៩ ចំនួន ៦៧៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៧៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៩១នាក់  និងអ្នកបាត់បង់ជីវិតចំនួន ៧នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close