ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក ត្រូវ​យកទៅ​តម្កល់​នៅ​សារមន្ទីរ​ជាតិ​

​ក្រមា​ខ្មែរ ដែល​ទើបនឹង​បំបែក​ឯតទគ្គ​កម្ម​ជា​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ សីហារ ម្សិលមិញ ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ បាន​ទស្សនា​។

​ពិធី​ដាក់​ត​ម្ដ​ល់​នេះ រៀបចំ​ធ្វើឡើង​ក្រោម​អធិបតី​លោកជំទាវ ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ Guinness World Records បានប្រកាស​ទទួលស្គាល់​ក្រមា​វែង​ជាងគេ​ក្នុង​ពិភពលោក​របស់​កម្ពុជា ដែលមាន​ប្រវែង ១១៤៩​ម៉ែត្រ​។ តំណាង Guinness បានប្រគល់​វិញ្ញាបនបត្រ​ឯតទគ្គ​កម្ម​ពិភពលោក ជូន​ដល់ លោក សាន វ​ឌ្ឍ​នា ប្រធាន​ចលនា GoGo Cambodia ដែល​បាន​បង្កើត​នូវ​កម្មវិធី​ត្បាញ​ក្រមា​វែង​ជាងគេ​បំផុត​នេះ​។​

​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ មានការ​ចូលរួម​ត្បាញ​ពី​មនុស្ស​ចំនួន ២២៣១៥​នាក់ ដែលមាន​អាយុ​ចាប់ពី​៤​ឆ្នាំ ដល់​៨៨​ឆ្នាំ មកពី​២៥​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា និង​៥៧​ប្រទេស ដោយ​ចាប់ផ្តើម​ត្បាញ​ពីថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close