ករណី​បាក់ស្រុត​អគារ​ខុន​ដូ​នៅ​អាម​រិ​ក នៅមាន​មនុស្ស ១៥០​នាក់​បាត់​ខ្លួន​នៅឡើយ​

​សារព័ត៌មាន AP នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​បាន​ដកស្រង់​សំដី​មន្ត្រី​អាមេរិក​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​ចំនួន​អ្នកស្លាប់ ដោយសារ​ការបាក់​រលំ​អគារ​ខុន​ដូ​កម្ពស់ ១២​ជាន់ នៅ​តំបន់ Miami-Dade County រដ្ឋ​ផ្ល័​រ​រី​ដា ភាគខាងត្បូង​សហរដ្ឋអាមេរិក បាន​កើន​ឡើងដល់ ០៩​នាក់​ហើយ ខណៈ​អ្នក​បាត់​ខ្លួន​វិញ​កើន​ឡើងដល់​ជាង ១៥០​នាក់ ដែល​ធ្វើឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នេះ​។​

​ខណៈ​ចំនួន​អ្នកស្លាប់ បាន​កើន​ឡើងដល់ ០៩​នាក់​នៅ​ថ្ងៃអាទិត្យ​នេះ ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ មានការ​អស់សង្ឃឹម​យ៉ាងខ្លាំង ចំពោះ​ដំណឹង​មួយ​នេះ និង​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ផងដែរ ចំពោះ​ការធ្លាក់ចុះ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​។ គ្មាន​នរណាម្នាក់ ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​នោះ ដោយនៅ​រស់រានមានជីវិត​ទេ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការបាក់​រលំ ផ្នែក​នៃ​អគារ​កម្ពស់ ១២​ជាន់​នោះមក​។​

​សមាជិកគ្រួសារ​ជនរងគ្រោះ​ខ្លះ ត្រូវបាន​ដឹក​តាម​រថយន្តក្រុង នៅ​ថ្ងៃអាទិត្យ​នេះ​ទៅកាន់​ទីតាំង​មួយ នៅ​ជិត​កន្លែងកើតហេតុ​នោះ បន្ទាប់ពី​ពួកគេ​បា​នប​ង្ហោ​ញ​ពី​ការខកចិត្ត​យ៉ាងខ្លាំង ទៅនឹង​ល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ ដោយបាន​ទាមទារ​អាជ្ញា​ធរ​អនុញ្ញាតឱ្យ​ពួកគេ ទៅ​រង់ចាំ​មើល​នៅ​កន្លែងកើតហេតុ និង​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​នាំ​អ្នកជំនាញ​មកពី​ប្រទេស​ផ្សេង មកជួយ​សង្គ្រោះ​ផងដែរ​។​

​ស្ត្រី​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នក​ជួយសង្គ្រោះ ក្នុង​កំឡុង​កិច្ចប្រជុំ​ជាមួយ​សមាជិកគ្រួសារ​ជនរងគ្រោះ នៅ​ចុង​សប្តាហ៍​មុននេះ​ថា «​កូនស្រី​របស់ខ្ញុំ​មាន​អាយុ ២៦​ឆ្នាំមាន​សុខភាព​ល្អឥតខ្ចោះ​។ នាង​ប្រាកដជា​អាច​ចេញពី​ទីនោះ​បាន​»​។ អ្នក​ម្តាយ​រូបនេះ​បន្តថា «​វា​មិន​គ្រប់គ្រាន់​ទេ​… សាក​ស្រមៃ​មើល ប្រសិនបើ​កូន​របស់​អ្នក​នៅ​ទីនោះ​»​។​

​គួរ​បញ្ជាក់ថា អគារ​ខុន​ដូរ​ដែល​បាន​បាក់​រំលំ​មួយផ្នែក​ខាងលើនេះ ត្រូវបាន​គេ​រាយការណ៍​ថា សាងសង់ឡើង​នៅក្នុង​ឆ្នាំ​១៩៨១ ដោយមាន​សរុប​ទាំងអស់ ១៣៦​បន្ទប់ ហើយ​ប្រមាណ ៥៥​បន្ទប់​បាន​បាក់​រលំ​ចុះមក​។ មិនទាន់មាន​ការបញ្ជា​ក់ អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​ខាងលើ​នេះឡើយ ខណៈ​ការប្រឹងប្រែង​ជួយសង្គ្រោះ កំពុង​បន្ត​ប្រព្រឹត្តទៅ​នៅឡើយ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close