ឥណ្ឌា ប្រកាស​ឲ្យ​ចាក់​វ៉ាក់សាំង Moderna ជាបន្ទាន់​

​ឥណ្ឌា​៖ ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​នេះ​បានអនុម័ត​អោយប្រើ​ប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Moderna សម្រាប់​ករណី​បន្ទាន់ ស្រប​ពេលដែល​ឥណ្ឌា​កំពុង​ព្យាយាម​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស ក្រោយ​មានការ​កើនឡើង​ករណី​ឆ្លង និង​ស្លាប់ ។

នេះ​ជា​វ៉ាក់សាំង​ទី​០៤​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​បានអនុញ្ញាត​អោយប្រើ​ប្រាស់ បន្ទាប់ពី​វ៉ាក់សាំង Kovacicin វ៉ាក់សាំង AstraZeneca និង Sputnik របស់​រុស្ស៊ី ។ សមាជិក​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​រដ្ឋ NITI Aayog លោក Vinod K. Paul បញ្ជាក់ថា ខ្ញុំ​រីករាយ​ដែល​បាន​រាយការណ៍​ថា ពាក្យស្នើសុំ​ដែល​បានទទួល​ពី​ក្រុមហ៊ុន Moderna តាមរយៈ​ដៃគូ​ឥណ្ឌា​របស់​ពួកគេ គឺ​ក្រុមហ៊ុន Cipla បានទទួល​ការអនុម័ត​អោយប្រើ​ប្រាស់​ក្នុងករណី​បន្ទាន់​ហើយ ។​

​លោក Paul បន្តថា ការអនុម័ត​ខាងលើនេះ នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​វ៉ាក់សាំង​ផលិត​ដោយនៅ​បរទេស​ដទៃទៀត អាច​នាំចូល​ទៅក្នុង​ប្រទេស​ឥណ្ឌា​បាន ។ បើតាម​លោក Paul កិច្ច​ខំ​ត​ខំប្រឹងប្រែង​របស់​ពួកយើង ដើម្បី​អញ្ជើញ និង​ទទួល​វ៉ាក់សាំង​ដែល​ត្រូវបាន​អភិវឌ្ឍ​ជា​អន្តរជាតិ​ដទៃទៀត ជាពិសេស Pfizer J&J (Jonhson & Jonhson) ក៏​នៅតែ​បន្ត​ផងដែរ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close