អភិបាលខេត្តព្រះសីហនុ ទទួល​អំណោយមនុស្ស​ធម៌ពី​សប្បុរស​ជន

កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម”ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖

១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក

២. លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល

៣.លោកឧកញ៉ា ស៊ុន រី អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក

៤.លោកឧញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក

៥.លោកឧកញ៉ា តាន់ តាក់ អនុប្រធានកិត្តិយសសាខា និងលោក ជំទាវ ឧបត្ថម្ភថវិកា ៥.០០០ដុល្លាអាមេរិក

៦.លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០រៀល និង ៥០០ដុល្លាអាមេរិក

៧.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកា ៥.៥៨៣.០០០រៀល និង២.១០០ ដុល្លាអាមេរិក

៨.លោក ឌំុ នឿន អាហាដ្ឋានអង្គរប៊ិច អូឈើទាល ឧបត្ថម្ភថវិកា ១.០០០ដុល្លាអាមេរិក ។

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមានសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុ រសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធានថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះខាតស្បៀងបានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានបញ្ជាក់ថា យើងពិនិត្យឃើញក្រុមគ្រូពេទ្យរបស់យើងបានអនុវត្តបានត្រឹមត្រូវមិនមានការឆ្លងកូវីដ ព្រោះគ្រូពេទ្យយើងបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ យ៉ាងតិច២ ឬ ៣ដង ការ អនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការឆ្លងជំងឺកូវីដ ព្រោះការរក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យ ពាក់ម៉ាសជាអាវក្រោះទី១ ការចាក់វ៉ាក់សាំងជាអាវក្រោះទី២ ទន្ទឹមនោះយើងក៏បានធ្វើកិច្ចការពីរ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ ទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅដឹកអុកស៊ីសែនមកពីរាជធានីភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close