ភ្នំភ្លើងTaal នៅក្នុងប្រទេសហ្វីលីពីន ជិតផ្ទុះទៀតហើយ
ភ្នំភ្លើងTaal ស្ថិតនៅក្នុងប្រទេសហ្វីលីពីនបានកម្រើកខ្លួន ធ្វើឲ្យមន្ត្រី ហ្វីលីពីនបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងផ្ទុះ, ត្រៀមជម្លៀសប្រជាជនរកកន្លែងមានសុវត្ថិភាព។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១ខែកក្កដា បានដកស្រង់ ប្រភពព័ត៌មានពីទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល បន្ទាប់ពីភ្នំភ្លើងនេះបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។
ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងហ្វីលីពីនបានដំឡើងកម្រិតប្រកាសអាសន្នពីលេខ២ ដល់លេខ៣ សម្រាប់ភ្នំភ្លើង Taal ដែលស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីម៉ានីល។ ព្រមពេលជាមួយអាជ្ញាធរហ្វីលីពីន ក៏បានចេញបញ្ជាឱ្យជម្លៀសប្រជាជនក្បែរតំបន់ភ្នំភ្លើង Taal ទៅកាន់ កន្លែងមានសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា ការផ្ទុះភ្នំភ្លើង Taal កាលពីឆ្នាំ១៩១១ នៅក្នុងប្រទេសហ្វីលីពីនបានផ្ដាច់ជីវិតមនុស្សច្រើនជាង ១,៣០០នាក់ ហើយកាលពីខែមករា ឆ្នាំ២០២០ ភ្នំភ្លើងមួយនេះក៏ធ្លាប់បញ្ចេញសកម្មភាពផងដែរ ដោយនៅកាលណោះបង្ខំឱ្យមនុស្សច្រើនជាង ១០០,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ទៅរកទីទួលមានសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។