ផលដំណាំរដូវវស្សាឆ្នាំ២០២១ សម្រេចបានជាង ៧៦ភាគរយ នៃផែនការ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២១នេះ សម្រេចបាន ៧៦,០១ភាគរយ នៃផែនការ (ឆ្នាំមុនសម្រេចបាន ៦៩,២៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា)។ រីឯដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សម្រេចបាន ៧៩ភាគរយ (ឆ្នាំមុនសម្រេចបាន ៧៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។
ទន្ទឹមនឹងនេះ ក្រសួង បានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះ។
លើសពីនេះទៀត ក្រសួង ក៏បានជំរុញឱ្យអង្គភាពជំនាញបន្តចុះពិនិត្យតាមដានសុខភាពសត្វ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ ដោយបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ ជាពិសេសទប់ស្កាត់ចលនាសត្វដោយខុសច្បាប់នៅតាមបណ្តារាជធានី ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។