វិបត្តិនយោបាយនៅអូស្ត្រាលី រដ្ឋមន្ត្រី ១០រូបបានសុំលាលេងពីតំណែងជាបន្តបន្ទាប់
វិបត្តិនៅក្នុងជួររដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញចេញយ៉ាងច្បាស់ ហើយកាន់តែអាក្រក់ទៅៗ នៅពេលដែលមានរដ្ឋមន្ត្រីសំខាន់ៗជាច្រើនរូបបានសម្រេចលាលេងពីតំណែង ។ គិតមកដល់ថ្ងៃទី២២ ខែសីហានេះ មានរដ្ឋមន្ត្រី ដល់ទៅ១០រូបបានសម្រេចលាលេងចេញពីដំណែង ។ សកម្មភាពខាងលើបង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Malcolm Turnbull ប្រឈមនឹងបញ្ហាយ៉ាងធំ។
ហេតុការខាងលើកើតចេញពីក្រុមតំណាងរាស្ត្រ សេរី អូស្ត្រាលី បានបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សជាថ្មីរវាងលោក Turnbull និង Dutton ដោយលទ្ធផល នាយករដ្ឋមន្ត្រីអូស្ត្រាលីជាអ្នកទទួលបានជ័យជំនៈដោយមានសម្លេងគាំទ្រ ៤៨-៣៥។
នៅពេលនេះដែរកៅអីនាយករដ្ឋមន្ត្រីអូស្ត្រាលីរបស់លោក Turnbull កំពុងប្រឈមនិង ការគំរាមកំហែង ដោយសារតែគោលនយោបាយថាមពលថ្មីរបស់លោកមិនទទួលបានការគាំទ្រពីតំណាងរាស្ត្រសេរី ស្ថិតក្រោមការដឹកនាំរបស់លោក។
ក្រោយការបោះឆ្នោតរដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មពលរដ្ឋ លោក Michael Keenan បានដាក់លិខិតលាលេងពីតំណែងមុនគេបង្អស់ ឡើងទៅកាន់នាយករដ្ឋមន្ត្រី Turnbull ។ ប៉ុន្តែនាយករដ្ឋមន្ត្រីបានច្រានចោល ដោយហេតុផលមិនសមស្រប។
ក្រោយមកក៏មានរដ្ឋមន្ត្រី ៦រូបផ្សេងទៀត បានដាក់លិខិតលាលេងពីតំណែង ហើយមកទល់ពេលនេះមានតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយរូបប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាត្តិឲ្យលាលែងពីតំណែង ។
គិតមកដល់ថ្ងៃទី២២ ខែសីហា មានរដ្ឋមន្ត្រី៣រូបទៀត ដាក់លិខិតលាលេងពីតំណែង ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Steve Ciobo រដ្ឋមន្ត្រី ទទួលបន្ទុកពលរដ្ឋ Alan Tudge និងរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Geg Hunt ។ ប៉ុន្តែមកទលពេលនេះនាយករដ្ឋមន្ត្រីមិនទាន់អនុញ្ញាត្តិឲ្យលាលេងពីតំណែងនៅឡើយ។
ការដែលមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណរដ្ឋមន្ត្រីអូស្ត្រាលីលាលេងចេញពីតំណែង បង្ករឲ្យមានភាពចលាចល និងផលលំបាកយ៉ាងខ្លាំងដល់ការដឹកនាំរបស់លោក Turnbull ក្នុងការពង្រឹងអំណាច ត្រៀមបោះឆ្នោត នៅឆ្នាំ២០១៩។ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យរដ្ឋាភិបាលសមគ្គី ដើម្បីទទួលបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។