ករណី​ពុល​ស្រា​! ស្លាប់​ជិត ១០​នាក់ និង​រងគ្រោះ​ជាច្រើន​នាក់​ទៀត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​

​ខេត្តកំពត​៖ ហេតុការណ៍​ពុល​ស្រា ដែល​បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ​ស្លាប់ និង​រងគ្រោះ​ជាច្រើន​នាក់ កាលពី​រសៀល ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​ចុង​សប្តាហ៍​នេះ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ និង​ស្វែងរក​សំណាក​ដែល​នៅ​សេសសល់ មក​វិភាគ​រក​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​ពុល​។

​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត មាន​អាកា​រៈ​ក្អួតចង្អោរ ទន់​ដៃជើង រហូត​ស្លាប់​ចំនួន ៩​នាក់ និង​១២​នាក់​ផ្សេងទៀត ត្រូវបាន​នាំយកទៅ​សម្រាក​ព្យាបាល បន្ទាប់ពី​បានទទួល​ទាន​ស្រាស និង​ស្រាថ្នាំ ដែល​ទិញ​ពី​កន្លែង​លក់​ស្រា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ជាមួយគ្នា​។

​ជាមួយគ្នា មន្ត្រី​ជំនាញ បាន​ប្រមូល​សំណាក​គំរូ​ស្រាស និង​ស្រាថ្នាំ​ដែលមាន​សេសសល់​នៅផ្ទះ​ជនរងគ្រោះ និង​ទីតាំង​លក់​ស្រាស និង​ស្រាថ្នាំ និង​បន្ត​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​ផលិត​ស្រា ដែល​ស្ថិតនៅ​ខាងជើង​វត្ត​អង្គ​ដំបង​ដែក ស្ថិតក្នុង​ភូមិ​តា​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច​។ ក្រោយពី​ប្រមូល​សំណាក​គំរូ​ទាំងអស់ វិភាគ​នៅ​មន្ទី​ពិសោធន៍​រួច បាន​រកឃើញ​វត្តមាន​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុ​បង្ក​គ្រោះ​។​

​មន្ត្រី​ជំនាញ ​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សុខភាព​និង​អាយុជីវិត​របស់​បងប្អូន សូម​ប្រុងប្រយ័ត្ន និង​សូមកុំ​ជាវ​ស្រាស ឬ​ស្រាថ្នាំ​ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់ យកមកប្រើ​ប្រាស់ ឬ​បរិភោគ​ជាដាច់ខាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close