៦ខែ ឆ្នាំនេះ! កម្ពុជា នាំចេញអង្ករជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណអង្ករសរុបចំនួន ២៨ម៉ឺន០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។
ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។
ទីផ្សារដែលកម្ពុជា បាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខចំនួន៥ រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ២). ប្រទេសបារាំង ១០.៥០% ស្មើ ២៩ ៤៣៤ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។
ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។
សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤ម៉ឺន៧ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២ម៉ឺន២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១ម៉ឺន១ ១២៤ តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។