ធ្លាក់យន្តហោះយោធា នៅហ្វីលីពីន! មនុស្សស្លាប់ ៤៧នាក់ និង៤៩នាក់ទៀតរបួស
ហ្វីលីពីន៖ មនុស្សដែលបានជិះនៅលើយន្តហោះយោធា ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មានចំនួនសរុប៩៦នាក់ ហើយតួលេខអ្នកស្លាប់ក្នុងចំណោមពួកគេ បានកើនឡើងដល់៤៧នាក់ និង៤៩នាក់ទៀតរងរបួស ។
ភាគច្រើននៃកងទ័ពទាំង ៩៦នាក់ ដែលស្ថិតនៅលើយន្តហោះប្រភេទ C-130 Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយោធាដែលទើបបញ្ចប់ការសិក្សា ។ គ្រោះថ្នាក់ដ៏អាក្រក់នេះដែរ ក៏បានធ្វើអោយប្រជាជននៅលើដី០៣នាក់បានស្លាប់ និង០៤នាក់ទទួលរងរបួសផងដែរ ដោយសារត្រូវយន្តហោះយោធាធ្លាក់ចំទីតាំង ដែលពួកគេកំពុងស្ថិតនៅ ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វី ឡូរិនហ្សាណា បាននិយាយថា ការស៊ើបអង្កេតរកមូលហេតុធ្លាក់នឹងត្រូវធ្វើឡើង ក្រោយប្រតិបត្តិការសង្គ្រោះនៅកន្លែងកើតហេតុចប់រួចរាល់។
សូមជម្រាបថា យន្តហោះយោធានេះត្រូវបានគេដឹងថា គ្រោងនឹងទៅចុះចតនៅព្រលានយន្តហោះទីក្រុងចូឡូ ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ ភាគខាងត្បូងហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់នៅតំបន់ ផាទីកាល់ ដែលស្ថិតនៅក្បែរនោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។