អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ លើក​ទី ២៤៥​ឆ្នាំ ក្នុង​បរិយាកាស​រីករាយ​

ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ ១៩ បាន​ច្រើន ជាហេតុ​ធ្វើ​ឲ្យ​អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ ប្រកបដោយ​ភាព​សម្បាយ​រីករាយ ដូចជា​មិន​ធ្លាប់​ឆ្លងកាត់​គ្រោះអាសន្ន​ដោយសារ​កូ​វីដ​១៩ ។ ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​លែង​ពាក់​ម៉ាស់​ការពារ​ដូច​មុន​ទៀតហើយ​។​

​ប្រធានាធិបតី​អាមេរិក លោក បៃ​ឌិន នៅ​ថ្ងៃទី​៤​ខែកក្កដា (​ពេលវេលា​អាមេរិក​)​បាន​ប្រារព្ធ​ទិវា​ឯករាជ្យ លើក​ទី ២៤៥ ដោយបាន​បើកទ្វារ​សេត​វិមាន រៀបចំ​ពិធីជប់លៀង​ធំ ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​អាមេរិក បំពេញភារកិច្ច​របស់​ខ្លួន​ដើម្បី​បញ្ចប់​កូ​វិដ​១៩ ជា​រៀងរហូត «​គឺ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា​»​។​

​ប្រធានាធិបតី​បៃ​ឌិន បាន​ថ្លែង​សុន្ទរកថា នៅ​សេត​វិមាន​ដោយមាន ពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​ចូលរួម មានគ្រួសារ ជនរងគ្រោះ​ដោយ​សង្គ្រាម​កូ​វីដ​១៩ ។ លោក​បៃ​ឌិន​បាន​បញ្ជាក់ថា «​នៅ​ថ្ងៃទី ៤​ខែកក្កដា​ឆ្នាំនេះ គឺជា​ទិវា​ឯករាជ្យ​ពិសេស ដោយ​យើង​បាន​ខិតខំ​ឆ្លង​ចេញពី​ភាព​ង​ងិ​ត ដោយសារ​កូ​វីដ ១៩ និង​ការឈឺចាប់ ដោយ​ការបាត់បង់ ។​

​នេះ​ជា​ព្រឹត្តិការ​ធំ​បំផុត​នៅ​សេត​វិមាន ចាប់តាំងពី​លោក​បៃ​ឌិន​ឡើងកាន់​អំណាច​ដឹកនាំ​អាមេរិក នៅ​ថ្ងៃទី ២០​ខែមករា​ឆ្នាំ ២០២១​។ ក្នុង​ពិធី​នោះ​មាន​ការបាញ់​កាំជ្រួច​ផ្ការ​ភ្លើង ដែលជា​សញ្ញា​នៃ​ការវិលត្រឡប់​មកកាន់​ជីវិត​ល្អប្រសើរ​វិញ ក្រោយ​កូ​វីដ​១៩ ដែល​បានសម្លាប់​ពលរដ្ឋ​អាមេរិក​ដល់​ទៅ ជាង ៦​សែន​នាក់ ។​

​ប្រធានាធិបតី​បៃ​ឌិន បាន​លើកឡើងថា ការចាក់​វ៉ាក់សាំង គឺជា​វិធានការ​តែមួយគត់​ដែល​អាច​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​។ លោក​បន្តទៀតថា ពេលនេះ​យើង​មិនទាន់​ឈានដល់​គោលដៅ នៃ​ការចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ​បាន ៧០%​សម្រាប់​មនុស្សពេញវ័យ​។ ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ​ដោយសារតែ​មនុស្ស​មួយចំនួន មាន​ភាពស្ទាក់ស្ទើរ ក្នុង​ការចាក់​វ៉ាក់សាំង ។​

​តាម​រូបភាព​នៅក្នុង​ទិវា​ឯករាជ្យ ពលរដ្ឋ​អាមេរិក​មិនមាន​ការបារម្ភ​ឆ្លង​កូ​វីដ ដូចពេលមុន​ឡើយ ដោយ​ពលរដ្ឋ​អង្គុយ​ជុំគ្នា​រីករាយ ដូច​មិន​ដែលមាន​កូ​វីដ ១៩ កើតឡើង​នោះឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close