អាជ្ញាធរ បើក​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល នៅក្នុង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​

​កាលពី​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ផាន់ ណា​ឌី អគ្គនាយក អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បានរៀបចំ​ពិធី​សែន​ប្រុង​ព​លិ បើក​ការដ្ឋាន ជួសជុល​ប្រាសាទ​កណ្តាល (C1) នៃ​ក្រុម​ប្រាសាទតោ​។

​ការងារ​នេះ​គឺជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​ការរួមចំណែក​ក្នុង​កិច្ច​អភិរក្ស គាំពារ​បណ្តា​ប្រាង្គ​ប្រាសាទ​ដែល​ប្រឈម​នឹង​ហានិភ័យ​ក្នុង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដោយ​នាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និង​អភិរក្ស នៃ អ​.​ជ​.​ស​.​ព​. ។​

​គួរ​បញ្ជាក់ថា ក្រុម​ប្រាសាទតោ ស្ថិតនៅ​ចន្លោះ​ក្រុម​ប្រាសាទ​សំបូរ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក​។ ក្រុម​នៃ​នៅ​បន្សល់​ប្រាង្គ​ឈរ​នៅ​គង់វង្ស​តែមួយគត់ គឺ​ប្រាង្គ​កណ្តាល​នេះឯង​។

ប្រាង្គ​នេះ​សាង​ពី​ឥដ្ឋ និង​មាន​លម្អ​ដោយ​ថ្មភក់​យ៉ាង​វិចិត្រ ដែល​អ្នក​ស្រាវ​ពុំទាន់​ឯកភាពគ្នា ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អាច​ស្នើឡើង​ថា​ជា​ស្ថាបត្យកម្ម​ក្នុង​រវាង ចុង​សតវត្សរ៍​ទី​៧ និង​ចុង​សតវត្សរ៍​ទី​៨ (​ក្នុង​រចនាបថ​ព្រៃ​ក្មេង និង​កំពង់ព្រះ​)​។

បើ​និយាយ​ពី​សំណង់​ស្ថាបត្យកម្ម ប្រាសាទ​នេះ​គឺជា​រចនាសម្ព័ន្ធ​ធំៗ​សំខាន់​ជាងគេ​បង្អស់​មួយ​ក្នុង​សម័យមុន​អង្គរ ដែល​បាន​បន្សល់​រហូតមកដល់​សព្វថ្ងៃ​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close