អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាគំរូក្រុងកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡឺស័កសាលាគំរូក្រុងកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានរាយការណ៍ថា មណ្ឌលចត្តាឡឺស័កសាលាគំរូក្រុងបានចាប់ផ្ដើមរៀបចំឡើងនៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០បើគិតមកដល់ថ្ងៃនេះមណ្ឌលចត្តាលីស័ក បានទទួលប្រជាពលរដ្ឋជាង ៤០០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ចំនួនត្រឹមតែ ៥៥ នាក់ប៉ុណ្ណោះ។ មណ្ឌលនេះមានក្រុមគ្រូពេទ្យមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ជាអ្នកមើលការខុសត្រូវនិងការពារសុវត្ថិភាពល្អ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរ ក្រុមគ្រូពេទ្យមានមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ជាអ្នកមើលការខុសត្រូវ និង ការពារសុវត្ថិភាពល្អ។
ឯកឧត្តម បានមានប្រសាសន៍បន្តថាៈ កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនឹងសាប៊ូ ឬ អាល់កុល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ ដោយអនុវត្តជាប្រចាំនូវវិធានការរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ។
ក្នុងឱកាសនោះ ឯកឧត្តមបាន នាំយកអំណោយឧបត្ថម្ភដល់មណ្ឌលធ្វើចត្តាលីស័កនៅសាលាគំរូក្រុងកំ ពង់ឆ្នាំងរួមមាន : រួមមានទឹកសុទ្ធចំនួន ៧០កេស ទឹកក្រូច ២១ កេស អាកុល ៣ កានស្មើនឹង ៩០លីត្រ ម៉ាស់ មួយកេសធំស្មើនឹង៥៩ ប្រអប់និងថវិកា១លានរៀលផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។