ឆេះ​រោងចក្រ​គីមី​នៅ​ថៃ ពលរដ្ឋ​មិនទាន់​ហាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ឡើយ​ខ្លាច​ប៉ះពាល់​

រោងចក្រ​គីមី​នៅ​ថៃ​បាន​ឆាប់ឆេះ យ៉ាងខ្លាំង ហើយ​ពេលនេះ​ស្ថានភាព​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​។ ប៉ុន្តែ​ពលរដ្ឋ​មិនទាន់​ហាន​វិលត្រឡប់​ចូល​ផ្ទះ​វិញ​ឡើយ​ដោយ​បារម្ភ ខ្លាច​សារធាតុ​គីមី​សាយភាយ​នៅ​ជុំវិញ​រោងចក្រ​ប៉ះពាល់​ដល់​សុខភាព ។​

​សារព័ត៌មាន The Nation នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​គ្រប់គ្រង និង​ពន្លត់​អគ្គិភ័យ​ដែល​បង្កឡើង​ដោយ ការផ្ទុះ​ដ៏​សម្បើម​មួយ​នៅឯ​រោងចក្រ​គីមី មួយកន្លែង​នៅក្នុង​ស្រុក បាង ភ្លី (Bang Phli) នៃ​ខេត្ត សាមុត ប្រា​កាណ (Samut Prakan) ក្រោយ​ចំណាយពេល​អស់ ២៦​ម៉ោង​។ ប៉ុន្តែ​ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស ទៅរក​ទីទួល​មាន​សុវត្ថិភាព នៅ​មិនទាន់​ទទួល​ការអនុញ្ញាត ឱ្យ​ត្រឡប់មកផ្ទះ​របស់​ពួកគេ​វិញ​នៅឡើយ​ទេ​។​

​ហេតុការណ៍​ផ្ទុះ​ខាងលើ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា ២៖៥០​នាទី​ទាបភ្លឺ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅឯ​រោងចក្រ​គីមី មីង ឌី​ហ៍ (Ming Dih Chemical)​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បានទទួល​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​សារធាតុ​គីមី និង​ពន្លត់​អា​ណ្តា​ត​ភ្លើង ហើយ​មកទល់នឹង​បច្ចុប្បន្ន ពួកគេ​នៅតែ​បន្ត​បាញ់​ទឹក នៅតាម​ទីតាំង​មួយចំនួន ដើម្បី​បញ្ចុះ​កម្ដៅ និង​បង្ការ​កុំឱ្យ​មានការ​ផ្ទុះ​សាជាថ្មី​។ តែ​ទោះ​បែបនេះ​ក្ដី ប្រជាជន​ដែល​រស់នៅ​ក្បែរ ឬ​មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​កន្លែង​ផ្ទុះ មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់មកផ្ទះ​វិញ​នោះទេ រហូត​ទាល់តែ​អាជ្ញាធរ​អាច​ធានា សុវត្ថិភាព​ទាំងស្រុង​ជាមុនសិន​។​

​គួរ​បញ្ជាក់ថា បើតាម​នាយកដ្ឋាន​បង្កា​រ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ថៃ ផ្ទះ​យ៉ាងហោច ៧០​ខ្នង និង​យានយន្ត ១៥​គ្រឿង ត្រូវការ​ខូចខាត​ដោយសារ​ហេតុការណ៍​ផ្ទុះ នៅឯ​រោងចក្រ Ming Dih Chemical​។ ចំណែកឯ​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​មា្ន​ក់បាន​ស្លាប់ និង​មនុស្ស ២០​នាក់​ផ្សេងទៀត​រង​បួស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close