អភិបាលខេត្តកណ្តាល ៖ ការចាក់ថ្មចូលទន្លេនៅអរិយក្សត្រ គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀ

ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អ្នក​ធ្វើ​ដំណើរ​តាម​សាឡាងពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ត្រើយ​អរិយក្សត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នឹង​ឃើញ​សកម្មភាព​នៃ​ការ​ចាក់​ថ្មចូលទៅក្នុងទន្លេ, ពួកគាត់បានសម្តែង​ការ​បារម្ភចំពោះការរួមតូចនៃទន្លេ។

ករណីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល​បានបកស្រាយហើយថា ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ ជា​គម្រោង​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន ឃុន សៀ (Khun Sea Development Group) ដែល​បាន​ជួល​ដី​រដ្ឋ​ចំនួន៧០ហិកតា ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធ តំណាងក្រុមហ៊ុន​ឃុនសៀ បានបញ្ជាក់ថា ក្រុមហ៊ុន​បាន​ជួលដីរដ្ឋ​ចំនួន​៧០​ហិកតា​ រយៈពេល​៥០ឆ្នាំ ហើយនឹង​អភិវឌ្ឍតំបន់​នោះ​ឲ្យ​ដូច​ជា​នៅទីក្រុង​ហុង​កុង ​ដែល​អាច​មើល​ឃើញ​ទឹក​ទន្លេ​នា​ពេល​យប់។

សូម​បញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើទៅគណៈអភិបាលគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួដែលជាសម្បត្តិសាធារណៈ ព្រោះថា សកម្មភាពទាំងនេះ បង្កបញ្ហាដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារ ច្រាំងទន្លេ ស្ទឹង ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងសាងសង់បិទផ្លូវទឹកនានា ដោយមិនស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close