ក្រុមអភិរក្សវ័យក្មេង បញ្ចប់ការប្រមូលទិន្និន័យស្រាវជ្រាវ អំពីទីតាំងរកចំណីរបស់សត្វក្រៀល
ខែឧសភា ជាខែចុងក្រោយ នៃការប្រមូលទិន្នន័យសម្រាប់ការសិក្សាស្រាវជ្រាវរបស់ក្រុមអភិរក្សវ័យក្មេង (YCLP) អំពីទីតាំងរកចំណីរបស់សត្វក្រៀល ដែលស្ថិតនៅខាងក្រៅតំបន់ការពារទេសភាពអន្លង់ព្រីង។ ក្នុងនោះឃើញមាន ៥តំបន់ផ្សេងទៀត ដែលស្ថិតនៅក្រៅតំបន់ការពារ ជាទីតាំងសម្រាប់សត្វក្រៀលរកចំណី។
ក្នុងសកម្មភាពការងារប្រមូលទិន្នន័យសម្រាប់ការសិក្សានេះក្រុមអភិរក្សវ័យក្មេង បានសហការជាមួយមន្ដ្រីជីវចម្រុះរបស់អង្គការ Birdlife បានធ្វើការចុះអង្កេត និងពិនិត្យមើលស្ថានភាពទីតាំង (ប្រភេទចំណី) វត្ដមានសត្វ និងកត្ដារំខាននានា នៅទីតាំងទាំងអស់នោះ។
ជាក់ស្ដែងក្នុងខែឧសភាស្ថានភាពនៅទីតាំងទាំងអស់នោះភាគច្រើនជាវាលស្រែ វាលផ្លុង និងវាលស្មៅ។ ក្រៅពីនោះ ឃើញមានវត្ដមានសត្វបក្សីមួយចំនួនទៀត ក្រៅពីសត្វក្រៀល ដូចជា កុកគ្រោងតូច កុកគ្រោងធំ កុកគ្រោងមធ្យម គ្រួចអ៊ិន ទោម ទន្ទ្រីតធំ កុកក្រកក្បាលត្នោតខ្ចី លលកបាយ ក្អែកទឹកតូច ក្រសាប្រផះជាដើម។
ទន្ទឹមនឹងនោះដែរ ក្រុមការងារក៏ឃើញមានសកម្មភាព និងកត្ដារំខានដោយប្រយោលផ្សេងៗ ដូចជា ប្រជាជនធ្វើស្រែ ការឃ្វាលគោ ក្របី និងសកម្មភាពអភិវឌ្ឍ(ការចាក់ដី)។ ដោយមានការណែនាំពីទីប្រឹក្សាដែលជាមន្ត្រីបច្ចេកទេសរបស់អង្គការ Birdlife ក្រុមអភិរក្សវ័យក្មេង កំពុងតែវិភាគទិន្នន័យដើម្បីឈានទៅសរសេរបាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។