ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីបន្ថែម ១០៦នាក់
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន១០៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧២នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បញ្ជាក់ថា ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៣ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៤៥ ដល់ទី៤៩ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ករណីទី៥០ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៥២ ដល់ទី៦៦ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ករណីទី៦៧ ដល់ទី៩៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៩៨ ដល់ទី១០៦ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
សម្រាប់អ្នកជាសះស្បើយទាំង ៧២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១ ៩៧១នាក់ ក្នុងនោះជាសះស្បើយ ៦៨៦នាក់ ស្លាប់ ១៩នាក់ និងកំពុងសម្រាកព្យាបាល ១ ២៦៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។