លោកត្រាំ លុបគម្រោងទស្សនកិច្ចជាលើកទី៤របស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់កូរ៉េខាងជើង
អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិកដូណាលត្រាំ កាលពីថ្ងៃទី២៤ខែសីហាបានប្រកាស លុបដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ទៅកាន់កូរ៉េខាងជើង ។ ជាលើកទីមួយដែលលោកត្រាំបានទទួលស្គលជាសាធារណថា ការខិតខំដើម្បីបង្ខំឲ្យកូរ៉េខាងជើង លុបបំបាត់បរម៉ាណូ មានសភាពយឺតយ៉ាវ ក្រោយជំនួបកំពូលនៅសឹង្ហបុរីកាលពីថ្ងៃទី១២ខែមិថុនា។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តីប្រធានាធិបតីដូណាលត្រាំ ដែលបានទម្លាក់កំហុសទៅឲ្យភាគីចិន ដោយមិនទទួលបាន ការរីកចំរើន ក្នុងការជម្រុញឲ្យកូរ៉េខាងជើងបោះបង់បរមាណូ ។ ជាមួយគ្នានេះលោកត្រាំបានបញ្ចាក់ថា កិច្ចបិភាក្សា ជាមួយទីក្រុងព្យុងយ៉ាង ដឹកនាំដោយរដ្ឋមន្ត្រី Mike Pompeo គួរតែត្រូវបានផ្អាក់ រហូតដល់ទីក្រុងវ៉ាស៊ីនតោន ដោះស្រាយរាល់វិវាតពាណិជ្ជកម្មជាមួយចិនចប់រួចរាល់។
នេះគឺជាការផ្លាសប្តូរ ទម្រងនយោបាយការបរទេសរបស់លោកត្រាំទៅលើកូរ៉េខាងជើង ។កន្លងមកលោកធ្លាប់បាននិយាយថា មិនមានការគំរាមកំហែងណាមួយពីកូរ៉េខាងជើង ទៀតឡើយក្រោយជំនួបនៅសឹង្ហបុរី ដោយលោកមានទំនាក់ទំនង ផ្ទាល់ខ្លួនយ៉ាងល្អជាមួយលោកគីមជុងអ៊ុន ។
លោកត្រាំក៏បានលើកឡើងថា អាចនឹងមានជំនួបពិភាក្សាជាលើកទីពីរ ជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដែលជាបុគ្គលលោកធ្លាប់វាយតម្លៃថា មានភាពទាក់ទាញខ្ពស់។ លោកត្រាំបញ្ចាក់នៅលើបណ្តាញសង្គម Twitter របស់លោកថា «ខ្ញុំបាននិយាយជាមួយរដ្ឋមន្ត្រី Mike Pompeo ថា មិនបាច់ទៅកាន់កូរ៉េខាងជើង នាពេលនេះឡើយ ដោយសារតែមិនទទួលបានលទ្ធផល ល្អ នៅក្នុងការរំសាយអាវុធបរមាណូ ។
កិច្ចពិភាក្សា ដូចជាត្រូវបានជាប់គាំងក្រោយ កិច្ចប្រជុំនៅសឹង្ហបុរី បើទោះបីរដ្ឋមន្ត្រីការបរទេសអាមេរិក បានខិតខំជម្រុញឲ្យកូរ៉េខាងជើង មានសកម្មភាពបោះបង់ អាវុធបរមាណូនិងមីស៊ីល ក្តី។
កន្លងមករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឡើងគម្រោង ទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំ គីមជុងអ៊ុន ស្តីពីការរំសាយអាវុធបរមាណូនិងមីស៊ីល ក្រោយពេលដែលមានព័ត៌មានជាច្រើនបានផ្សាយថា សកម្មភាពរំសាយបរមាណូនិងមីស៊ីល មានសភាពយឺតយ៉ាង ហើយកូរ៉េខាងជើង ដូចជាមិនមានសកម្មភាពបន្តទៀតនោះឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានឲ្យដឹងថា លោកបានតែងតាំងលោក ស្ទីវិន ប៊ីហ្គាន់ (Stephen Biegun) ជាបេសកជនពិសេសប្រចាំប្រទេសកូរ៉េខាងជើង ដើម្បីបន្តកិច្ចចរចាសំខាន់ៗជាមួយទីក្រុងព្យុងយ៉ាង។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីកាបរទេសអាមេរិក ក្នុងនាមជាអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវិន នឹងមានតួនាទីដឹកនាំកិច្ចចរចាផ្សេងៗជាមួយទីក្រុងព្យុងយ៉ាង ខណៈការប្រើប្រាស់ការទូតដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខរបស់កូរ៉េខាងជើង នៅតែជាអាទិភាពដ៏ចម្បងមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ប៉ុន្តែគម្រោងពិភាក្សានាពេលនេះគឺត្រូវបានផ្អាក ហើយក្រុមអ្នកវិភាគបានលើកឡើងថា ការផ្អាកនេះគឺដោយសារតែ អាមេរិកនិងចិនមិនមានការរីកចំរើននៅកិច្ចពិភាក្សាពាក់ព័ន្ធពាណិជ្ជកម្ម ។ មិនតែប៉ុណ្ណោះអាមេរិក និងចិន បានបន្តតម្លើងពន្ធដាក់គ្នា មានទឹកប្រាក់១៦ពាន់លានដុល្លារជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។