ក្រោយអាមេរិកដកទាហានចេញ ពីអាហ្វហ្គានីស្ថាន ដល់ពេលចិនចូលទៅវិញម្តង
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា បេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ពោលគឺមានរយៈពេលជិត ២០ឆ្នាំបន្ទាប់ពីវាបានចាប់ផ្ដើម។ លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយ នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោនថា យោធាអាមេរិកបាន «សម្រេចគោលដៅ» របស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់អតីតមេដឹកនាំក្រុមភេវរករអាល់កៃដា លោក អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) និងបានរារាំងការវាយប្រហារបន្ថែមទៀត ទៅលើសហរដ្ឋអាមេរិកទៅហើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យកម្លាំងទាហានតាលីបង់ លោក Suhail Shaheen បានឲ្យដឹងថា ក្រុមតាលីបង់ បានចាត់ទុកចិន គឺជា មិត្តយ៉ាងជិតស្និទ្ធបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយសង្ឃឹមថា ទីក្រុងប៉េកាំង នឹងចុះកិច្ចព្រមព្រៀង វិនិយោគដើម្បីស្តាប្រទេសជាតិឡើងវិញ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយបណ្តាញព័ត៌មាន This Week in Asia លោក Suhail បានប្រកាសថា ក្រុមតាលីបង់ បានគ្រប់គ្រង ៨៥%នៃទឹកដីអាហ្វហ្គានីស្ថាន ហើយប្រសិនបើក្រុមវិនិយោគចិន ក៏ដូចជាកម្មករចិន វិលត្រឡប់មកអាហ្វហ្គានីស្ថាន នឹងទទួលបានការធានាសន្តិសុខសុវត្ថិភាព ។
លោក Suhail បន្តទៀតថា«យើងស្វាគមន៍ ពួកគត់ ប្រសិនបើពួកគត់«ចិន»មកវិនិយោគនៅទីនេះ យើងនឹងធានាសន្តិសុខសុវត្ថិភាព ដល់ពួកគត់ ។ សុវត្ថិភាពរបស់ពួកគត់គឺពិតជារឿងសំខាន់សម្រាប់ពួកខ្ញុំ»។
ជាមួយគ្នានេះដែរ ក្រុមតាលីបង់ បានប្រកាសថា នឹងមិនអនុញ្ញាតិឲ្យក្រុមជនជាតិ អ៊ុយហ្គ័រ ចូលមកទឹកដីអាហ្វហ្គានីស្ថាននោះឡើយ។ ជាមួយគ្នានេះក្រុមតាលីបង់ នឹងទប់ស្កាត់ ក្រុមភេរវកម្មអាលកៃដា និងក្រុមភេរវកម្មផ្សេងទៀតធ្វើសកម្មភាពនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។