ភ្ញាក់ផ្អើល! ប្រទះឃើញមនុស្សពីរនាក់ដេកស្លាប់ក្នុងផ្ទះ នៅកណ្តាលរាជធានីភ្នំពេញ, អាជ្ញាធរធ្វើតេស្តរកឃើញកូវីដ-១៩

មានករណីស្លាប់នៅក្នុងផ្ទះរបស់ បុរស និងស្ត្រីចំណាស់ចំនួន ២នាក់ នៅទីតាំងលំនៅឋាន២ផ្សេងគ្នា ស្ថិតក្នុងភូមិតែមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ ក្រោយការស្លាប់ ត្រូវបានសាច់ញាតិរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យធ្វើតេស្តសំណាក ក៏ស្រាប់តែចេញលទ្ធផលមានវិជ្ជមានកូវីដ-១៩។

លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលបានស្លាប់ មានម្នាក់ឈ្មោះ លឹម ចាប ភេទប្រុស អាយុ ៩០ឆ្នាំ និងស្ត្រីម្នាក់ទៀតមានឈ្មោះ កុយ ណារ៉េត អាយុ ៥៩ឆ្នាំ។ សពអ្នកទាំង២នាក់នេះ ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះរបស់ខ្លួនក្នុងថ្ងៃតែមួយ តែខុសពេលវេលាគ្នា។ ក្រោយមកសាច់ញាតិក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ ដើម្បីចុះពិនិត្យសំណាក ក៏រកឃើញមានវិជ្ជមានកូវីដ-១៩ ហើយត្រូវក្រុមគ្រូពេទ្យវេចខ្ចប់ យកទៅធ្វើការបូជាតាមបច្ចេកទេសវេជ្ជសាស្ត្រ។

ដោយឡែក ចំពោះសមាជិកនៅក្នុងលំនៅឋានទាំងអស់ គ្រូពេទ្យ និងអាជ្ញាធរ បានតម្រូវឱ្យទៅយកសំណាកគ្រប់ៗគ្នា នៅតាមទីតាំងលំនៅឋានទាំង២ របស់ជនរងគ្រោះ ហើយលំនៅឋានក៏ត្រូវបានឃ្លុំប៉េជាបណ្តោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close