ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលរស់នៅក្នុងឬក្បែរ តំបន់ការពារធម្មជាតិ
ដោយមើលឃើញនូវសារៈសំខាន់និងភាពចាំបាច់នៃកិច្ចការងារចូលរួមអភិរក្សធនធានធម្មជាតិពីសហគមន៍ ក្រុមការងារនៃគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍តំបន់ការពារធម្មជាតិ ចំនួន០៧ រួមមាន៖
សហគមន៍តំបន់ការពារធម្មជាតិ (១)ព្រៃធំពពេល (២)ព្រៃធំអន្លង់ធំ (៣)ព្រៃភ្នំក្តូច (៤)ព្រៃភ្នំម្នាស់ និង(៥)សហគមន៍ជប់តាសុខ នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ស្ថិតក្នុង ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប (៦)សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង នៃដែនជម្រកសត្វព្រៃឱរ៉ាល់ ស្ថិតក្នុងភូមិបំណក់ ភូមិក្បាលទាហ៊ាន និងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ និង(៧)សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិព្រះអង្គកែវ និងបាក់អង្រុត ឃុំដងពែងស្រុកស្រែអំបិល ខេត្ដកោះកុង។
នៅក្នុងកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិទាំង០៧ ខាងលើ បានចែងថា សហគមន៍តំបន់ការពារធម្មជាតិ ត្រូវមានសុច្ឆន្ទៈ និងសេចក្តីស្មោះត្រង់ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិដោយគោរពទៅតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងអនុវត្តសកម្មភាពការងារស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងសហគមន៍។
នៅក្នុងកិច្ចព្រមព្រៀងកម្រាស់៧ទំព័រក៏បានបង្ហាញដែរថាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ មានសិទ្ធិដកហូត និងប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី ស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងរបស់សហគមន៍។ បន្ថែមពីលើនេះ គណៈកម្មការសហគមន៍ក៏មានសិទ្ធិសម្របសម្រួលអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ដើម្បីលើកកម្ពស់ជីវភាពសមាជិកសហគមន៍តំបន់ការពារធម្មជាតិផងដែរ។
សហគមន៍តំបន់ការពារធម្មជាតិ ត្រូវសហការចូលរួមជាមួយអាជ្ញាធរដែនដី និងចូលរួមល្បាតជាមួយមន្ត្រីឧទ្យានុរក្សដើម្បីរួមគ្នាការពាររក្សាប្រភេទសត្វនិងរុក្ខជាតិដែលមានដោយកម្រ ជិតផុតពូជ ឬជាប្រភេទសត្វនិងរុក្ខជាតិដែលមានលក្ខណៈពិសេសក្នុងតំបន់។ នៅក្នុងកិច្ចព្រមព្រៀងបានបញ្ជាក់ដែរថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ក៏មានសិទ្ធិត្រួតពិនិត្យដំណើរការអនុវត្តការងារ របស់សហគមន៍តំបន់ការពារធម្មជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។