ស៊ីម៉ាក់ រកឃើញគ្រាប់បែកដៃមិនទាន់ផ្ទុះជាង ៣០០គ្រាប់ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ បន្ទាប់ពីរកឃើញជាង៣០០គ្រាប់ កាលពីថ្ងៃទី១០ កក្កដា កន្លងទៅ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា ស៊ីម៉ាក់ ” CMAC ” បាននឹងកំពុងបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបន្ថែមទៀត បន្ទាប់ពីបានប្រទះឃើញគ្រាប់នោះ ប្រមាណជាង៣០០គ្រាប់ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ ដើម្បីយកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប សម្រាប់ត្រៀមកម្ទេចចោល ។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានមានប្រសាសន៍ថា ចំពោះគ្រាប់បែកដៃទាំងអស់នោះ មកទល់ពេលនេះ ក្រុមការងារបានជីករកឃើញជាបន្តបន្ទាប់ទៀតហើយ កាលពីថ្ងៃទី១០ ខែកក្កដា បានឃើញចំនួន ៣២៥គ្រាប់ ម៉ាក (36 UK ) ផលិតនៅប្រទេសអង់គ្លេស ដែលគ្រាប់ទាំងនេះ វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សខ្លាំងណាស់ ប្រសិនបើយើងមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដីនោះ ហើយគ្រាប់បែកដៃទាំងអស់នេះ គឺត្រូវគេបានកប់វាទុកចោលជាច្រើនឆ្នាំមកហើយ អាចជាចំណុចឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាបពីមុនមក ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណា ពីពេលណានោះទេ។
លោកបានបញ្ជាក់ទៀតថា នៅព្រឹកនេះ ក្រុមការងារបានជីកកាយរកឃើញបន្ថែមទៀតប្រមាណជាង ៣០គ្រាប់ហើយ ចំពោះការរកឃើញគ្រាប់បែកដោយចៃដន្យនោះ គឺក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាបបានរៀបចំបណ្តាញខ្សែកាបអ៊ុបទិកក្រោមដី កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក ប៉ុន្តែពិតសំណាង ដែលការកាយនេះមិនចំគ្រាប់បែកនោះ បើសិនជាជីកប៉ះចំវាៗ អាចនឹងផ្ទុះភ្លាមតែម្តង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។