ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋធានី​ប៉េកាំង ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើ​ចរាចរ​

​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​តំបន់​ជាច្រើន​ក្នុង​រដ្ឋធានី​ប៉េកាំង ប៉ះពាល់​យ៉ាងខ្លាំង ដល់​ការធ្វើ​ចរាចរ ដោយសារតែ​ផ្លូវថ្នល់​មួយចំនួន​បាន​លិច​។ ជាមួយគ្នានេះ ជើងហោះហើរ​រាប់រយ​ត្រូវ​លុបចោល រីឯ​សាលារៀន​និង​កន្លែង​ទេសចរណ៍​ទាំងឡាយ ត្រូវ​បិទទ្វារ នៅ​ទីក្រុង​ប៉េកាំង ដោយសារតែ ការធ្លាក់​ភ្លៀង​និង​ខ្យល់​បក់បោក​យ៉ាង​ខ្លាំងក្លា នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​អាជ្ញាធរ​ទីក្រុង​ប៉េកាំង បានចេញ​សេចក្តី​ព្រមាន ឲ្យ​ប្រជាជន​ស្ថិត​ក្នុងផ្ទះ ខណៈ​រដ្ឋធានី​ចិន កំពុង​ប្រឈម​នឹង​ព្យុះភ្លៀង​ធំ​បំផុត ក្នុង​ឆ្នាំ​២០២១​នេះ​។ ជើងហោះហើរ​ប្រហែល​៧០០​ជើង ត្រូវបាន​លុបចោល នៅ​អាកាសយានដ្ឋាន​ចំនួន​២​កន្លែង របស់​ទីក្រុង​ប៉េកាំង ខណៈ​សាលារៀន ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​វិទ្យាល័យ ត្រូវបាន​បិទទ្វារ នៅ​ថ្ងៃ​ចន្ទ​នេះ​។ មិនតែប៉ុណ្ណោះ កន្លែង​ទេសចរណ៍​ល្បីៗ​នៅក្នុង​ទីក្រុង ក៏ត្រូវ​បាន​ផ្អាក​ដំណើរការ​ផងដែរ​។ ជាមួយគ្នានេះ អាជ្ញាធរ​ឧតុនិយម​ចិន បាន​ព្រមាន​ពី​ការ​ជន់​លិច​នៅតាម​ទន្លេ​ចំនួន​១៤ ទៀតផង​។​

​គួរ​បញ្ជាក់ថា កំលុង​រដូវភ្លៀង​នៅ​ប្រទេស​ចិន ជារឿយៗ​តែងមាន​ការ​ជន់​លិច ដោយ​កាលពី​ខែសីហា ឆ្នាំ​២០២០ ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវបាន​ទឹក​ជន់​ហូរ​កាត់ផ្តាច់ ហើយ​មនុស្ស​រាប់ម៉ឺន​នាក់ ត្រូវ​បង្ខំ​ឲ្យ​ភៀសខ្លួន​ចេញពី​លំនៅឋាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close