សមត្ថកិច្ចឆ្មក់ ចូលបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ ប្រមាណ១៧តោន នៅ​ខណ្ឌឫស្សីកែវ

ភ្នំពេញ៖នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌឫស្សីកែវ ។

បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ខាងលើ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង​ផ្ទះ ដែលមាន​ម្ចាស់​ទីតាំង​ផលិត​លោកស្រី សុខ វួ​ច​លីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច​រកឃើញ​ទីតាំង​នេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន: ប៊ីចេង​បាវ​ស​ចំនួន ៣៥២បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥បាវ ប៊ីចេង​រាយ​ម៉ាក​Win winចំនួន ១៤០បាវ ប៊ីចេង​ច្រក​រួច(500g)ចំនួន ៣២បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cupចំនួន ៤៧កេស ប៊ីចេង​រូប​វែក(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ២គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២គ្រឿង ជញ្ជីង​ថ្លឹង ២គ្រឿង បាវ​រូប​វែក ៩៣បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close