រុស្ស៊ី និងឥណ្ឌា បានព្រមព្រៀងគ្នាផលិតវ៉ាក់សាំង Sputnik V នៅក្នុងរោងចក្រប្រទេសឥណ្ឌា
រោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសឥណ្ឌា គឺធំជាងគេបំផុតនៅលើពិភពលោក ដោយក្រុមហ៊ុនឱសថជាច្រើនក៏បានចុះកិច្ចព្រមព្រៀងឲ្យឥណ្ឌា ផលិតវ៉ាក់សាំងជូន ។ នៅពេលនេះឥណ្ឌាក៏កំពុងផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ដើម្បីចែកចាយនៅលើពិភពលោក។
ពេលនេះដែរ មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ីហៅកាត់ថា RDIF (Russian Direct Investment Fund) នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានប្រកាសពីការចុះកិច្ចព្រមព្រៀង ជាមួយវិទ្យាស្ថាន ស៊ឺរឹម (Serum Serum Institute) នៃប្រទេសឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង COVID-19 Sputnik V ចំនួន ៣០០លានដូសក្នុងមួយឆ្នាំ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន RDIF បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ភាគីទាំងសងខាងមានបំណងផលិតវ៉ាក់សាំង Sputnik V ចំនួន ៣០០លានដូសក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ដោយកញ្ចប់វ៉ាក់សាំងដំបូងគេត្រូវបានរំពឹងថា នឹងត្រូវចាប់ផ្ដើមផលិតនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ»។
គួរបញ្ជាក់ថា ការប្រកាសពីកិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើង ចំពេលឥណ្ឌាកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនពេញវ័យរបស់ខ្លួន ខណៈរុស្ស៊ីវិញក៏កំពុងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ឆ្លើយតបទៅនឹងកំណើន នៃតម្រូវការនៅជុំវិញពិភពលោក។ ទោះជាបែបនេះក្តី កន្លងមកនេះវ៉ាក់សាំង Sputnik V ដែលត្រូវបានផលិតដោយ វិទ្យាស្ថានផ្សេងមួយទៀតនៅឥណ្ឌា ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅតាមបណ្តាទីក្រុងចំនួន ៥០ រួចមកហើយដែរ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។