ខេត្តសៀមរាប បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៨៥​នាក់​ទៀត និង​មាន​ស្លាប់​ម្នាក់​ផងដែរ

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៨៥​នាក់ តែ​ក៏មាន​អ្នកជា​សះស្បើយ ៥៤​នាក់ និង​ស្លាប់​ម្នាក់ទៀត នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត​បញ្ជាក់ថា ករណី​ទី​១ ដល់ទី​៣០ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៣១ ដល់ទី​៣២ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៣៣ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។

​ករណី​ទី​៣៤ ដល់ទី​៣៧ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន​Rose Apple Sqare ករណី​ទី​៣៨ ដល់ទី​៤១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយ​-​មានជ័យ និង​ខេត្តបាត់ដំបង ករណី​ទី​៤២ ដល់ទី​៤៣ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ លាស់ ហេង ករណី​ទី​៤៤ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ករណី​ទី​៤៥ ដល់ទី​៤៧ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ តូច សត្យា​។

​ករណី​ទី​៤៨ ដល់ទី​៧៣ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ពន្ធនាគារ​ខេត្តសៀមរាប និង​ករណី​ទី​៧៤ ដល់ទី​៧៨ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ករណី​ទី​៧៩ ដល់ទី​៨៥ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង ៥៤​នាក់ បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំណែក​ករណី​ស្លាប់​ម្នាក់ គឺ​ស្ត្រី អាយុ​៧៤​ឆ្នាំ អាសយដ្ឋាន​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៦៣៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៩៨១​នាក់ ស្លាប់​២៦​នាក់ និង​១៦៣២​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close