ធនាគារជាតិ ទទូចឲ្យមានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ក្នុងអំឡុងនៃការរីករាលជំងឺកូវីដ១៩

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបន្ដលើកទឹកចិត្តឲ្យសាធារជនទាំងអស់ បន្ដប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ជៀសការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់។

ធនាគារជាតិបានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់ក្នុងសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព និងជំនឿទុកចិត្តដែលបម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។

កន្លងមកដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ក្រដាសប្រាក់រៀលឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យ តាមរយៈវីដេអូខ្លី និងឯកសារអប់រំផ្សេងៗផងដែរ។ សម្រាប់ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ហារបេឡា របស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close