រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner បានសហការគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដើម្បីលើកស្ទួយជីវភាពប្រជាជន និងបង្កើនគោលដៅទេសចរណ៍ធម្មជាតិ។
នេះជាដំណាក់កាលទី១ ដែលក្រសួងបរិស្ថាននិង Cambodia Amazing Trip Planner បានចាប់ដៃគ្នាសិក្សា ស្រាវជ្រាវ និងកំណត់ទិសដៅទស្សនាចរ នៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជីវភាពប្រជាជនក្នុងតំបន់ និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ តាមរយៈវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទាំង០៣ខាងលើនេះ។
ការសិក្សា និងការអនុវត្តគម្រោងនេះ បានចូលរួមពីក្រុមការងារមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានុរក្ស ក្រុមការងារបច្ចេកទេសរបស់ Cambodia Amazing Trip Planner តំណាងសហគមន៍មូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០នាក់ ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមបដិភាគ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន និងថវិការបស់ Cambodia Amazing Trip Planner។
ជាលទ្ធផលជំហានដំបូង ក្រុមការងារបានកំណត់នូវសក្តានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន កំណត់បានគោលដៅទស្សនាចរ និងបានកត់ត្រាឯកសារកំណត់ទីតាំង កំណត់អត្តសញ្ញាណតំបន់ ដើម្បីរៀបចំជាទិសដៅទស្សនាចរ និងដើម្បីលើកស្លាកសញ្ញាសម្គាល់គោលដៅទេសចរណ៍សំខាន់ៗ និងស្លាកសញ្ញាអប់រំបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រុមការងារផលិតបាននូវរូបភាព និងវីដេអូ ដែលបង្ហាញអំពីអត្តសញ្ញាណតំបន់ កញ្ចប់សេវាកម្មរបស់សហគមន៍ និងសក្តានុពលទេសចរណ៍ វប្បធម៌ និង ធម្មជាតិដែលមាននៅលើភ្នំគូលែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។